ខេត្តសៀមរាប៖ ពលរដ្នសាទរ ទីបំផុតតុលាការខេត្តសៀមរាបសម្រេចឃុំខ្លួនបុរស និងស្ត្រី២នាក់ករណីបង្កហិង្សានៅក្នុងហាងផឹកស៊ីមួយកន្លែង ដែលមុនពេលកើតហេតុគឺផ្ដើមចេញពីជនរងគ្រោះ គ្រាន់តែមើលមុខ ជនដៃដល់តែប៉ុណ្ណោះ ។
មន្ត្រីតុលាការខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនដៃដល់ទាំង២នាក់ ដែលបង្កហិង្សា នៅក្នុងហាងផឹកស៊ីយីហោ ធីមផលបារ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទហិង្សាមានស្ថានទម្ងន់ និងចៅក្រមនៃសាលាដំបូងខេត្តសៀមរាប ក៏បានសម្រេចថាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២ខែតុលាឆ្នាំ២០១៩ម្សិលមិញនេះ ។
ជនទាំង២នាក់ ត្រូវបាន លោកថាន់ ឃុង ចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួន ទី១ឈ្មោះឡៅ ជីងលី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិ២សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ដោយចោទប្រកាន់ពីបទ(ហិង្សាមានស្ថានទម្ងន់ )ដែលបានប្រព្រឹត្តិនៅហាង ធីមផលបារ ស្ថិតក្នុងភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៩ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២១៧ និងមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។ ជនសង្ស័យទី២ ឈ្មោះង៉ូវ លីហ៊ុយ អាយុ២២ឆ្នាំរស់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ពីបទ ហិង្សាដោយចេតនា និងបទប្រមាថអ្នករាជកាសាធារណៈដែលបានប្រព្រឹត្តិនៅហាង ធីមផលបារ ស្ថិតក្នុងភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៩ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២១៧ និងមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ ។
សូមរម្លឹកថា ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង៣០នាទី នៅត្រង់ចំណុច ក្នុងហាងផឹកស៊ីយីហោ ធីមផលបារ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ ឆៃវឌ្ឍនា ភេទប្រុស អាយុ២៩ឆ្នាំមុខរបរយោធាទីលំនៅបច្ចុប្បន្ន ភូមិ១៤សង្កាត់ បឹងកក់១ខណ្ឌចំការមន រាជធានីភ្នំពេញ និងមិត្តភក្កិ ផ្សេងទៀត បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងខាងលើពេលដែលមិនទាន់បានផឹកផង ដើររកកន្លែងអង្គុយពេលនោះ ពួកគេក៏បានជួបនឹងឈ្មោះ ឡៅ ជីងលី ពេលនោះឈ្មោះ តុប សុភក្រ្តា បានមើលមុខ ឈ្មោះ ឡៅ ជីងលី ឈ្មោះឡៅ ជីងលី ក៏បាន និយាយថា អាអែងមើលមុខអី ពេលនោះភាគីទាំងពីរបាននិយាយប្រកែកមានជម្លោះ ពាក្យសំដីគ្នាទៅវិញទៅមក ហើយឈ្មោះ ឡៅ ជីងលី បានស្ទុះ មកវាយលើឈ្មោះ តុប សុភក្រ្តា ឈ្មោះ ឆៃវឌ្ឍនា ក៏បានចូលទៅជួយឃាត់ ហើយត្រូវបានឈ្មោះ ឡៅ ជីងលី យកកែវស្រា ដែលជាកែវថ្ម វាយមកលើឈ្មោះ ឆៃវឌ្ឍនា ត្រូវចំក្បាលបណ្ដាលឲ្យបែក ចំនួន០២ កន្លែង ផ្នែកខាងស្តាំ ដេរ០៤ថ្នេរ ផ្នែកខាងឆ្វេងដាច់រយះដេរចំនួនមួយថ្នេរ និងរងរបួសរយះ លើចង្អុលដៃ ខាងស្ដាំ ដេរចំនួន៣ថ្នេរ ចំណែកឈ្មោះ ឡៅ ជីងលី នៅពេលវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យកែវបែកមុតដៃ ត្រង់ប្រអប់ដៃខាងស្ដាំ ដេរចំនួន០៨ថ្នេរ ។
ជុំវិញបាតុភាពនេះ មហាជន មានការសាទរចំពោះ ចំណាត់ការរបស់កម្លាំងនគរបាលខេត្តសៀមរាប និងជាពិសេស ស្ថាប័នតុលាការ ដែលបានចាត់ការក្នុងសំណុំរឿងនេះ ដោយភាពយុត្តិធម៌ សម្រាប់ជនរងគ្រោះ ។ ម៉្យាងវិញទៀត គឺត្រូវបានព្រមានដល់ មនុស្សខ្លះព្រហើន អាងខ្សែ បក្ខពួកនៅពីក្រោយ ។ ទោះយ៉ាងណាពាកព័ន្ធហិង្សានេះ ប្រជាពលរដ្ឋ កំពុងរងចាំមើលចំណាត់ការ របស់អាជ្ញាធរជំនាញ អាចចុះបិទហាងផឹកស៊ីធីមផលបារ បានដែរឬយ៉ាងណា? ហាងធីមផលបារ នេះអាចទំនង មិនមែនជាលើកទីមួយនោះទេ ដែលមានករណីហិង្សា វាយតប់គ្នា ដូច្នេះអាជ្ញាធរជំនាញមិនត្រូវមើលរំលងនោះឡើយ ។
ជាមួយគ្នា ហាងធីមផលបារ ក៏បានបើកឲ្យភ្ញៀវចូលផឹកស៊ី ដល់យប់អាធ្រាត រៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅជិតខាង មានការថ្នាំងថ្នាក់ផងដែរ ៕ ប៊ុនរិទ្ធី