ប្រទេសវៀតណាម៖ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋាភិបាលវៀតណាម វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ពីសមភាគីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពិសេសការទទួលបានកម្រងផ្កាដ៏ស្រស់ស្អាតពីកុមារា កុមារីវៀតណាម។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញធ្វើដំណើរ ឆ្លងកាត់ស្រទាប់មហាជន និងថ្នាក់ដឹកនាំវៀតណាម ដែលកាន់ទង់ជ័យនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម មុនពេលដែលប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញគោរពភ្លេងជាតិ និងទង់ជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
បន្ទាប់ពីពិធីត្រួតពលគ្រប់កងឯកភាព នៃកងទ័ពប្រជាជនវៀតណាមរួចមក សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគី ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញធ្វើគារវកិច្ចដោយផ្ទាល់ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម-កម្ពុជា ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត នៃបណ្តាប្រទេសជាមិត្តនានា ប្រចាំរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះ។
សូមបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀត ណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ប៉ុន្តែត្រូវបានកាត់ផ្តាច់នៅខែមីនាឆ្នាំ១៩៧០ និងបានភ្ជាន់ទំនាក់ទំនងឡើងវិញនៅខែមករាឆ្នាំ១៩៧៩។ ឆ្នាំ២០១៧ ជាខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ នៅក្នុងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ទាំងស្ថាប័នព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានរដ្ឋសភា ប្រមុខការទូតនៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ផ្លូវការ ពីគ្នាទៅវិញទៅមកយ៉ាងញឹកញាប់បំផុត ក្នុងគោលបំណងពង្រឹងនិងពង្រីក ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ប្រទេសទាំង ពីរកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា៕