ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ត្រូវបានសមត្ថកិច្ចចាប់បាន២នាក់ រត់រួចម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាន២នាក់ និងរត់រួចម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបដៃពីស្រ្តីម្នាក់ដែលជិះម៉ូតូធូដេរមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៏ ទី៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចកន្លែងលក់ធូរេន តាមបណ្តោយផ្លូវព្រះសីហនុ កែង និងផ្លូវ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ។

យោងតាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៏បានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញនារីរងគ្រោះជិះម៉ូតូ ធូដេត មួយគ្រឿងមិនចាំស្លាកលេខ តាមបណ្តោយផ្លូវ១០៥ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកន្លែងកើតហេតុខាងលើក៏ស្រាប់តែលិចមុខជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HJ.1380 មកពីក្រោយ ហើយធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច រួចក៏បានបើករត់យ៉ាងលឿនតាមបណ្តោយផ្លូវលេខ១០៥ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ផ្លូវ២៧៨ ក៏បុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BQ.4450 ដែលកំពុងជិះម្នាក់ឯងពេញទំហឹងបណ្តាលឲ្យដួលរងការខូចខាតម៉ូតូទាំងពីរ គ្រឿងផ្នែកខាងមុខយ៉ាងដំណំ ។ ចំណែកជនសង្ស័យទាំងបីនាក់បានងើបរត់បែកគ្នា ដោយជនសង្ស័យទី១បានរត់ទៅទឹសខាងត្បូងបត់ទៅលិចតាមបណ្តោយផ្លូវ២៨០មកដល់ផ្លូវ១១៣ត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។ ឯជនសង្ស័យទី២ បានរត់ទៅទឹសខាងជើងបត់ទៅផ្លូវ២៧៦ពីកើត ទៅលិចរត់បាត់ស្រមោល ។

ចំណែកឯជនសង្ស័យទី៣បានលោតចូលលូទឹកស្អុយក្បែររបងមន្ទីរពេទ្យរបេង ក្នុងសង្កាត់ បឹងកេងកងទី២ បានពួនសម្ងំជាង១ម៉ោង ទើបសមត្ថកិច្ចយកដែកមកបុកទម្លុះគម្របលូ ហើយក៏ស្រែកហៅឲ្យជនសង្ស័យឲ្យចេញមកខាងក្រៅដោយសារទ្រាំ និងភាពស្អុយមិនបាន ធុំក្លិនខ្លាំងពេកក៏ធ្វើឲ្យជនសង្ស័យចង់ថប់ដង្ហើមក៏បានលូនចេញមកក្រៅត្រូវបានសមត្ថកិច្ចយើងចាប់បាន ។ ដោយសារខ្លួនប្រឡាក់ផុកស្អុយសមត្ថកិច្ចក៏យកទឹកសុទ្ធមកស្រោចដុះលាងឲ្យជនសង្ស័យ ខណះពេលកំពង់តែដុះលាងក៏មានបុរសម្នាក់ ជាអ្នករត់កង់បីឥណ្ឌាក៏ធាក់មួយជើងទៅលើជនសង្ស័យ ធ្វើឲ្យសមត្ថកិច្ចចាប់យកទៅសួរនាំ និងធ្វើកិច្ចសន្យាមិនឲ្យវ៉ាយ ទៅលើជនសង្ស័យលើកក្រោយទៀត ។ ក្នុងនោះជនរងគ្រោះមិនបាត់បង់កាបូបទេ ក៏បានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលឹត ដើម្បីសួរនាំ និងកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖