ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៉ីសង មួយកន្លែង ដែលលួច លាក់ជួញដូរ និងចែកចាយសារធាតុគ្រឿងញៀនដោយខុស ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៥នាក់ ព្រមទាំងហូតសម្ភារៈមួយចំនួន។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចផ្ទះលេខ៦២ ផ្លូវ៥១ ក្រុម១០ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក អនុសេនីយ៍ឯក ម៉ៅ ចាន់ថុន អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវបង្ក្រាបទីតាំងបើកល្បែងស៉ីសង មួយកន្លែង ដែលលួចលាក់ជួញដូរ និងចែកចាយសារធាតុញៀនដោយខុសច្បាប់។
ក្នុងប្រតិបត្តិការនេះដែរកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១៥នាក់ក្នុងនោះមាន ស្រី ៧នាក់ ជនជាតិបរទេស ២នាក់ ដោយបានដកហូតម្សៅក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១២កញ្ចប់, ដាវកែច្នៃចំនួន មួយដើម, ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន, ដែកកេះមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ក្រោយពីឆែកឆេររួចមក កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យប្រុសស្រីចំនួន ១៥នាក់ រួមជាមួយវត្ថុតាង យកទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ស តារា