ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចុះពិនិត្យ ណែនាំឲ្យអង្គភាព សួនច្បាររាជធានីបន្ដដាំដើមឈើ នៅគល់ស្ពាន ជ្រោយចង្វារ ខាងលិច ចំនួន៣០០ដើម ដើម្បីទីក្រុងបៃតង

ចែករំលែក៖

ភ្នំពេញ៖ សួនច្បារនៅខាងលិចស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងក្លាយជាសួនឧទ្យាន មួយដែលពោរពេញទៅដោយដើមឈើប្រណិតៗរាប់រយដើម អមសងខាក្បាលស្ពាន ដោយនៅពេលដ៏ខ្លីខាងមុខនេះអ្វីដែលជាការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើពិធីដាំដើមឈើនៅទីនេះតែម្តង ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នេះបើតាមការបញ្ជាក់របស់លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ០៤ តុលា ២០១៩ ខណៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះ មក ពិនិត្យមើលការដាំដើមឈើប្រណិតៗនៅលើសួនច្បារ មិត្ដភាព កម្ពុជា ជប៉ុន ខាងលិចស្ពាន ចំនួន ៣០០ដើម មានដើម គគី ធ្នង់ ក្រញ៉ូង នាងនួន និងត្របែកព្រៃ ។

លោក សំ សាមុត បានបញ្ជាក់បន្ថែមថា អ្វីដែលជាការណែនាំរបស់លោកឃួង ស្រេង ខណៈចុះពិនិត្យមើលការដាំដើមនេះជាក់ស្តែង គឺលោកអភិបាលរាជធានីភ្នំពេញបានជម្រុញឲ្យអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំដើមឈើប្រណិតៗនៅលើសួននេះឲ្យបានច្រើនក្លាយជាសួនឧទ្យានមួយនៅក្នុងក្រុងភ្នំពេញ ហើយដើមឈើដែលត្រូវដាំ មានប្រភេទឈើធ្នង់ គគី ក្រញ៉ូង ដែលមានចំនួនចាប់ពី២៥០ ទៅ៣០០ដើម ។

ជាមួយនឹងការណែនាំពីលោកអភិបាលនេះដែរ អ្វីដែលជាការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញក៏នឹងធ្វើពិធីដាំដើមឈើនៅទីនេះតែម្តង ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌ បៃតង និងមានបរិស្ថានស្រស់ល្អស្អាត ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្ដរជាតិឲ្យចូលមកទស្សនា នៅរាជធានីភ្នំពេញកាន់តែច្រើនឡើងថែមទៀត ស្របយកអ្នកទេសចរណ៍កាន់តែច្រើនឡើងថែមទៀត ៕ សំរិត


ចែករំលែក៖