ភ្នំពេញ៖ តាមការចុះផ្សាយនៅក្នុងគេហទំព័ររបស់បេឡាជាតិរបបសន្តិសុខសង្គម ឬ ហៅថា បសស រៀបរាប់ថា សន្តិសុខសង្គមត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៥៥ យោងតាមព្រះរាជក្រឹត្យលេខ៥៥ និង៣០៦។
តែគួរឲ្យសោកស្តាយកំឡុងពេលរបប ប្រល័យ ពូជសាសន៍ (១៩៧៥-១៩៧៩) សន្តិសុខសង្គមនេះត្រូវបានបំផ្លាញចោលទាំងស្រុង។ ពីឆ្នាំ១៩៧៩-១៩៩៣ ប្រជាជនបានទទួលសេវាថែទាំសុខភាពដោយ ឥតគិតថ្លៃ។
បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ នាយកដ្ឋានសន្តិសុខសង្គមត្រូវបានបង្កើតឡើង។ នាយកដ្ឋាននេះទទួលខុសត្រូវការរៀបចំទាំងអស់នៃប្រកាសសម្រាប់ ការអនុវត្តកិច្ចគាំពារសន្តិសុខសង្គមដល់ប្រជាជន ដែលធ្វើការក្នុងវិស័យឯកជន។ ជាលទ្ធផល ការកែប្រែបទប្បញ្ញត្តិស្តីពីច្បាប់ការងារឆ្នាំ១៩៩២ដែលជាច្បាប់ការងារ កម្ពុជា បច្ចុប្បន្នដែលអនុម័តក្នុងឆ្នាំ១៩៩៧ ត្រូវបានអនុវត្តដោយនាយកដ្ឋានការងារ (ថ្មីៗនេះប្តូរទៅជាអគ្គនាយកដ្ឋានការងារ)។
បន្ទាប់ពីនោះមក ច្បាប់សន្តិសុខសង្គម ត្រូវបានអនុម័តដោយសភានៅខែកញ្ញា ឆ្នាំ២០០២ ដែលថ្មីៗត្រូវបានគេស្គាល់ថា ច្បាប់របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ។ អនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គមត្រូវបានអនុម័ត នៅឆ្នាំ២០០៧ ដែលបង្កើតឡើងដើម្បីជំនួសនាយកដ្ឋានសន្តិសុខសង្គម។
ប.ស.សត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងផ្នែកកិច្ចគាំពារ សន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់សន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិសន្តិសុខសង្គមអនុលោមតាម អនុក្រឹត្យ។ ក្រោយពីការរៀបចំដ៏ធំទូលាយនេះ ប.ស.ស ត្រូវបានដំណើរការនៅចុងឆ្នាំ២០០៨ ។
អនុលោមតាមច្បាប់ ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ស្ថានភាពរីកចំរើននៃសេដ្ឋកិច្ចជាតិ និងការធ្វើសមាហរណកម្មក្នុងតំបន់ បេឡាជាតិរបបសន្តិសុខ សង្គម បាននិងកំពុងត្រៀមខ្លួនតាមរយៈការរៀបចំពង្រីក ពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដោយបានរៀបចំនូវផែនការយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំ នេះឡើង ដែលមានចក្ខុវិស័យ និងបេសកកម្មដ៏ច្បាស់លាស់ ក្នុងការអនុវត្តផ្នែកសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ឱ្យទទួលបាននូវសេវាសន្តិសុខសង្គម នៅពេលដែលពួកគាត់ជួបប្រទះនូវយថាភាពផ្សេងៗ មានជាអាទិ៍ ជរាភាព ទុព្វលភាព មរណភាព ហានិភ័យការងារ ឬពេលជួបប្រទះយថាភាពផ្សេងៗទៀតដូចជាជំងឺ និងមាតុភាពជាដើម។
ក្នុងស្ថានភាពដែលប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ការធានាផ្នែកសន្តិសុខសង្គម មានសារៈសំខាន់ខ្លាំងណាស់ ដោយបានផ្តល់នូវការគាំពារចំពោះ ប្រជាជនកម្ពុជានិយាយជារួម និង និយាយដោយឡែកសម្រាប់កម្មករនិយោជិត ដែលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាន ដោយផ្អែកលើទស្សនាទាននៃការចែក រំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម ធានាបាននូវសន្តិសុខ ប្រាក់ចំណូល ពោលគឺមានន័យថា តាមរយៈការធានាផ្នែកសន្តិសុខសង្គម គ្មានសមាជិកសង្គមណា ម្នាក់ធ្លាក់ទៅក្នុងហានិភ័យនៃភាពក្រីក្រ ដោយមិនអាចងើបរួចបានឡើយ។
ម្យ៉ាងទៀតគោលនយោបាយសន្តិសុខសង្គម ក៏រួមចំណែកយ៉ាងសំខាន់ដល់គោល នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគោលការណ៍នៃការចែករំលែកប្រាក់ចំណូល តាមខ្សែទទឹង និងខ្សែបណ្តោយ គឺមានន័យថា អ្នកមានប្រាក់ចំណូលខ្ពស់ជួយដល់អ្នកមានប្រាក់ចំណូលទាប អ្នកមានសុខភាពល្អ ជួយដល់អ្នកមានជំងឺ ជនពិការ ឬ អ្នកដែលទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ ជនមានវ័យក្មេងជួយដល់ជនចាស់ជរា ដែលការនេះធ្វើឲ្យមនុស្សក្នុងសង្គមទាំងមូល ទទួលបាននូវភាពកក់ក្តៅក្នុងជីវភាពរស់នៅ ធានារក្សាបានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។
ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដោយការធានាឱ្យបាននូវសន្ដិសុខបា្រក់ចំណូលរួម ចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម ប.ស.ស បានអនុវត្តរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររួមមាន៖ ផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនគ្រោងអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។
ឈរលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពប្រកបដោយ ជោគជ័យ និងធានាឱ្យមានភាពសង្គតិភាពក្នុងការគាំពារសង្គមទាំងវិស័យឯកជន និងមន្ត្រីរាជការ ក្នុងវិស័យសាធារណៈ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យប.ស.ស ជាអ្នករៀបចំ និងគ្រប់គ្រងការដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជនចាប់ពី ឆ្នាំ២០១៧តទៅ៕ ចេស្តា