ល្បីល្បាញពេកហើយ សម្រាប់លោក គូ ប៊ុនទឹង នាយផ្នែករដ្ឋបាលជលផលត្រួតត្រា៥ស្រុក នៃខេត្តកំពង់ធំ ដែលអនុញ្ញាតឲ្យឈ្មួញប្រព្រឹត្តបទល្មើសនេសាទដោយសេរី ។ គ្រាន់តែឈ្មួញឈ្មោះ ហឿន អាចបង្កបទល្មើសនេសាទដោយចំហរ គ្មានញញើតសមត្ថកិច្ចដទៃឡើយ ។ ការដែលឈ្មួញមិនញញើតសមត្ថកិច្ចដទៃ ក៏ព្រោះតែមានមន្ត្រីជលផលឈ្មោះ គូ ប៊ុនទឹង ធ្វើជាខ្នងបង្អែកនោះឯង ។ លោកគូ ប៊ុនទឹង អនុញ្ញាតឲ្យមានបទល្មើសនេសាទនៅតាមបណ្តាស្រុកក្រោមអំណាចរបស់ខ្លួនដូចជាស្រុកសន្ទុក, បារាយណ៍, ប្រាសាទសម្បូរ, ប្រាសាទបល្ល័ង្គ និងតាំងក្រសាំង ។ បណ្តាស្រុកទាំងនេះ មានខ្លះជាប់នឹងបឹងទន្លេសាបតិចតួច ប៉ុន្តែបទល្មើសមិនមែនតិចតួចនោះទេ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក គូ ប៊ុនទឹង ស្ទើរក្លាយជាស្តេចក្រាញ់ក្នុងការសាងបទល្មើសនេសាទនៅតាមបណ្តាស្រុកទាំងនេះទៅហើយ ពួកឈ្មួញបានប្រព្រឹត្តបទល្មើសដោយសេរី តាមរយៈការដាក់បទល្មើសទទឹងព្រែក បឹងបួរ ចាប់ត្រីទាំងតូចទាំងធំ តាមរយៈការប្រើឧបករណ៍ល្មើសច្បាប់ដូចជារបាំងលូស្បៃមុង ដែលឧបករណ៍ទាំងនេះ នាំឲ្យមហន្តរាយដល់មច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ។ បទល្មើសទាំងនេះគេអាចមើលដោយផ្នែកទទេឃើញ ប៉ុន្តែពួកមន្ត្រីជលផល ទាំងថ្នាក់លើ និងថ្នាក់ក្រោម បិទភ្នែកបណ្តោយឲ្យមន្ត្រីជលផលថ្នាក់កណ្តាលម្នាក់ឈ្មោះ គូ ប៊ុនទឹង ធ្វើព្យុះធ្វើភ្លៀងសាងបទល្មើសដោយមិនញញើតនរណាឡើយ ។ អ្នកខ្លះនិយាយថា ដោយមានការបើកភ្លើងខៀវពីប្រធានមន្ទីរកសិកម្មផង ទើបលោកគូ ប៊ុនទឹង អាចធ្វើអ្វីៗដោយសេរីជាចំហរដល់សព្វថ្ងៃនេះ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បទល្មើសនេសាទបានកើតឡើងយ៉ាងគគ្រឹកគគ្រេងគឺជាប្រភពហិរញ្ញវត្ថុដ៏ធំសម្បើមរបស់លោក គូ ប៊ុនទឹង ។ អាជ្ញាធរមូលដ្ឋានធ្លាប់បានធ្វើរបាយការណ៍អំពីបញ្ហាអសកម្មនេះដែរ ប៉ុន្តែថ្នាក់ដឹកនាំ ស្រុកខេត្តកំពង់ធំមិនខ្វល់ថា នឹងត្រូវចាត់វិធានការយ៉ាងណានោះឡើយ ។ ដោយមិនអាចអត់ទ្រាំបាន ក្រុមមន្ត្រីមូលដ្ឋានបានចុះបង្ក្រាបបទល្មើសដែលគេនិយាយថា ជាប្រតិបត្តិការវាយបំបែកឆ្នាំងបាយរបស់លោកគូ ប៊ុនទឹង កាលពីពេលថ្មីៗនេះ ។ មន្ត្រីអាជ្ញាធរប៉ុស្តិ៍រដ្ឋបាលបារាយណ៍បានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចគោកត្របែក ឃុំទ្រាល ស្រុកតាំងគោក ក៏ដូចជានៅចំណុចទឹកពុល ស្រុកសន្ទុក ជាដើម…។ ករណីនេះ ធ្វើឲ្យលោកគូ ប៊ុនទឹង រងការអាម៉ាសជាខ្លាំង ប៉ុន្តែដើម្បីតែផលប្រយោជន៍ លោកគូ ប៊ុនទឹង ធ្វើមិនដឹងមិនឮនៅពេលដែលពួកឈ្មួញស្តីបន្ទោសថា យកលុយគេហើយហេតុអ្វី មានសមត្ថកិច្ចដទៃមកបង្ក្រាបទៀតនោះ ៕