កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើដល់ចិនឲ្យបើកការស៊ើបអង្កេតលើបេក្ខភាពប្រធានាធិបតី Joe Biden និងកូនប្រុសពាក់ព័ន្ធនឹងមុខជំនួញមួយចំនួន ។ ប៉ុន្តែភ្លាមៗនោះ ចិនបានច្រានចោល នៅសំណើរបស់ លោកត្រាំ ឲ្យស៊ើបអង្គេត ករណី បេក្ខភាព Biden ។ រដ្ឋមន្រ្តីក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំងនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះឡើយ បន្ទាប់ពីការស្នើសុំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីស៊ើបអង្កេតអតីតអនុប្រធានាធិបតី លោក Biden ។
កាសែត Global Times ចេញផ្សាយនៅថ្ងៃទី ៤ ខែតុលា បានដកស្រង់សម្តីលោក វ៉ាងយី រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយថា «យើងមានទំនុកចិត្តថា ប្រជាជនអាមេរិកអាចដោះស្រាយបញ្ហារបស់ពួកគេដោយខ្លួនឯង» ។
ការប្រកាសនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសចិនបើកការស៊ើបអង្កេតលើលោក Joe Biden អតីតអនុប្រធានាធិបតីនិងកូនប្រុសរបស់គាត់ឈ្មោះ Hunter Biden ។
លោក Hunter Biden បានទៅប្រទេសចិនជាមួយឪពុករបស់គាត់នៅឆ្នាំ ២០១៣ នៅពេលដែលលោកBiden ជាអនុប្រធានាធិបតី។ ដំណើរទស្សនកិច្ចនេះបានកើតឡើងពីរបីខែបន្ទាប់ពីគាត់បានចូលរួមក្រុមប្រឹក្សាភិបាលមូលនិធិវិនិយោគថ្មីជាមួយប្រធានមូលនិធិឯកជនឯកជនចិន។
ប្រធានាធិបតី Trump បាននិយាយថាលោក Hunter Biden បានទទួលទឹកប្រាក់ចំនួន ១,៥ ពាន់លានដុល្លារពីប្រទេសចិនសម្រាប់មូលនិធិវិនិយោគនេះ។ កូនប្រុសអតីតអនុប្រធានាធិបតីរូបនេះបានបដិសេធរាល់ការចោទប្រកាន់ខាងលើ របស់លោកត្រាំ ក្នុងគោលដៅវាយប្រហារទៅលើ ឪពុករបស់លោក ជាបេក្ខភាពប្រធានាធិបតី មុនពេលបោះឆ្នោត។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះក៏បានបញ្ជាក់ផងដែរនូវការចោទប្រកាន់ដែលថាប្រទេសចិនបានសូកប៉ាន់ប្រាក់ចំនួន ១,៥ ពាន់លានដុល្លារ ដល់កូនប្រុសអតីតអនុប្រធានាធិបតីអាមេរិកគឺមិនមានការពិតនោះឡើយ។
សេចក្តីអំពាវនាវរបស់លោកដូណាល់ ត្រាំ លើកនេះ ដែលចង់ឲ្យចិនបើកការស៊ើបអង្កេត លើកូនប្រុសរបស់លោក Jo Biden ដែលជាបេក្ខជនប្រធានាធិបតី ឆ្នាំ ២០២០ បានធ្វើឲ្យគេនឹកទៅដល់ឃ្លារបស់លោកដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ ២០១៦។ កាលណោះ លោកដូណាល់ ត្រាំ បានបង្ហើរពាក្យ សុំឲ្យរុស្ស៊ី ជួយស្វែងរកមែល របស់បេក្ខជន ប្រធានាធិបតី លោកស្រី ហ៊ីឡារី គ្លីនតុន។ គេគ្មានភស្តុតាងថា លោកដូណាល់ ត្រាំ បានទាក់ទងជាមួយរុស្ស៊ីដោយផ្ទាល់ទេ។ ប៉ុន្តែ ក្រោយមក ស្រាប់តែមានបែកលេចធ្លាយរឿងអាស្រូវមែលសម្ងាត់របស់លោកស្រី គ្លីនតុន ដែលជាដើមហេតុមួយ ធ្វើឲ្យលោកស្រីបរាជ័យ ចាញ់ឆ្នោត លោកដូណាល់ ត្រាំ។
នៅពេលនោះ លោកដូណាល់ ត្រាំ បាននិយាយថា ការដែលលោកនិយាយសុំរុស្ស៊ីជារឿងលេងសើចទេ ប៉ុន្តែ លើកនេះ លោកដូណាល់ ត្រាំ ហាក់មិននិយាយលេងៗដូចមុនទេ។ ការនេះបានធ្វើឲ្យប្រធានគណៈកម្មការបោះឆ្នោតជាតិ អាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ចេញមុខ ប្រកាសអំពាវនាវឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ នៅក្នុងចំណោម បេក្ខជន។ នៅក្នុងសារ Twitter ប្រធានគណៈកម្មការបោះឆ្នោតជាតិ បានបញ្ជាក់ ប្រាប់ប្រជាជនអាមេរិក ឲ្យដឹងថា សម្រាប់គ្រប់បេក្ខជន ដែលឈរឈ្មោះសម្រាប់តំណែងសាធារណៈ វាជារឿងខុសច្បាប់ ដែលពួកគេ ទទួល ឬស្វែងរកជំនួយ ពីជនបរទេស នៅក្នុងក្របខ័ណ្ឌបោះឆ្នោតអាមេរិក។
សម្រាប់ក្រុមប្រជាធិបតេយ្យ ច្បាស់ណាស់ថា ការអំពាវនាវរបស់លោកដូណាល់ ត្រាំ ដើម្បីរកជំនួយពីអ៊ុយក្រែន និងចិន ឲ្យស៊ើបអង្កេតលើកូនប្រុសរបស់លោក Jo Biden កំពុងស្ថិតក្នុងករណីលើកឡើងរបស់ប្រធានគណៈកម្មការបោះឆ្នោត។
ការស្ទង់មតិបង្ហាញថា លោក Joe Biden អតីតអនុប្រធានាធិបតីបន្តនាំមុខគូប្រកួតប្រជែងតំណែងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យសម្រាប់ឆ្នាំ២០២០។ ក៏ប៉ុន្តែការព្រួយកង្វល់អំពីអាយុរបស់លោក Biden និងទម្លាប់របស់លោកអំពីការនិយាយផ្តេសផ្តាស បានធ្វើឲ្យអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យខ្លះចោទសួរថាតើលោកនឹងក្លាយជាបេក្ខជនដ៏ល្អបំផុតដើម្បីតទល់ប្រធានាធិបតីត្រាំនៅការបោះឆ្នោតឆ្នាំក្រោយដែរឬយ៉ាងណា។
នៅរដ្ឋ Iowa លោក Joe Biden ហាក់ដូចជាធ្វើឲ្យបេក្ខភាពភាពរបស់លោកកាន់តែខ្លាំងឡើងក្នុងនាមជាបេក្ខជននាំមុខខាងគណបក្សប្រជាធិបតេយ្យដោយរិះគន់លើប្រធានាធិបតីដូណាល់ ត្រាំ។
លោក Joe Biden បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ បានថ្លែងថា៖ «បើយើងឲ្យប្រធានាធិបតីត្រាំកាន់តំណែង ៨ឆ្នាំ ខ្ញុំជឿអស់ពីចិត្តថ្លើមថា លោកត្រាំនឹងផ្លាស់ប្តូរជារៀងរហូតលើលក្ខណៈថាតើយើងជានរណានោះ។ ដោយហេតុនេះហើយ យើងត្រូវតែផ្តួលលោក ដូណាល់ ត្រាំ នៅឆ្នាំ២០២០»។
ឥឡូវនេះ លោក Biden នៅតែស្ថិតលើគេនៅក្នុងការស្ទង់មតិថ្នាក់ជាតិនិងថ្នាក់រដ្ឋសំ ខាន់ៗ។ ក៏ប៉ុន្តែលោកក៏ប្រឈមការប្រណាំងប្រជែងយ៉ាងខ្លាំងពីគូប្រកួតប្រជែងជាច្រើននាក់ រួមមានលោកស្រី Elizabeth Warren សមាជិកាព្រឹទ្ធសភារដ្ឋ Massachusetts ផងដែរ៕