ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្ដិ៍ព្រៃស ចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីប្រើប្រាស់ហិង្សាទៅលើបងប្រុសរបស់ខ្លួនឲ្យរបួស

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ថិ៍នគរបាលរដ្ឋបាលព្រៃស បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១០ និង១០នាទីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា នៅចំណុចមុខសាលារៀនមត្តេយ្យអន្លង់គងថ្មី ផ្លូវបេតុង ស្ថិតភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ញៀន សារីម ហៅជីម ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ រីឯជនរងគ្រោះមានឈ្មោះ ញៀន ភារ: ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មកររោងចក្រ។ អ្នកទាំង២ រស់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងដកហូតបាន៖ ធុង ទឹកកក ( តូច ) ពណ៌ សលាយ ក្រហមចំនួន ១ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុ វេលាម៉ោង ១៩និង៤៥នាទីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យងើបឡើងមិនឃើញមានអ្នក នៅផ្ទះ បានដើររកឃើញបងប្រុសខ្លួន នៅអង្គុយលេងកន្លែងលក់ដូរ ក៏សុំលុយពីបង៥០០ រៀល ដើម្បីទិញអីហូប តែបែរជាត្រូវបងជេរស្តីថា «ហ្ហែង មានដៃជើងដែរ ម៉េចមកសុំលុយពីអញ រាល់ថ្ងៃអ៊ីចឹង មិនទៅរកការងារធ្វើ?» ។ សម្តីនេះធ្វើឲ្យជនសង្ស័យកើតក្តីក្តៅក្រហាយ គ្មានអ្នកយល់ចិត្តក៏ទាញធុង ទឹកកកតូច វាយទៅលើបងប្រុស បណ្តាលឲ្យបាក់ដៃតែម្តង បន្ទាប់ពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាន ឲ្យចុះអន្តរាគមន៍ ។

ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីកសារសំណុំរឿងចាត់ការតាមច្បាប់ ។

គួរបញ្ជាក់ថា ៖ ជនសង្ស័យជាមនុស្សប្រើប្រាស់សារធាតុញៀន ហើយធ្លាប់ជាប់គុក ២ដងមកហើយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖