ប្រទេសវៀតណាម៖ នៅព្រឹកថ្ងៃទី៥ តុលា ២០១៩ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលី នៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធាន ហូ ជីមិញ។
ជាមួយនឹង អក្សរចារិកពណ៌មាស ដែលមានខ្លឹមសារដ៏ជ្រាលជ្រៅបំផុតនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចារចិត្តដោយសេចក្តីគោរពយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវីរ:យុទ្ធជន នៃកងទ័ពប្រជាជនវៀតណាម ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេស និងប្រជាជនវៀតណាម ចេញពីអាណានិគមនិយម រហូតប្រទេសជាតិទទួលបាន នូវឯករាជ្យជាតិយ៉ាងពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
ដូចគ្នានឹងការគោរពវិញ្ញាណក្ខន្ធចំពោះយុទ្ធជនពលីវៀតណាម នៅស្តូបលោកប្រធាន ហូ ជីមិញ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តគោរពយ៉ាងអស់ពីដូងចិត្ត ជាមួយនឹងថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម ដែលបានបាត់បង់នូវមេដឹកនាំដ៏ឆ្នើមរបស់ខ្លួន គឺលោកប្រធាន ហូ ជីមិញ ដែលបានដឹកនាំ និងកសាងប្រទេសវៀតណាម ពីការបែកបាក់និងមហន្តរាយបន្សល់ទុកពីសង្រ្គាម មហាវិនាសកម្ម រហូតទទួលបាននូវការឯកភាពជាតិ និងកសាងប្រទេសពីគំនរផេះផង់ រហូតទទួលបាន នូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម កាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសមានការប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ និងនៅលើសកលលោក៕