ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌ បានស្រាវជ្រាវឆ្មក់បង្ក្រាបមុខសញ្ញាសង្ស័យប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ជាក់ស្តែងឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ រកឃើញគ្រាប់កាំភ្លើងមួយស្បោងនិងថ្នាំញៀន៣កញ្ចប់ធំ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ពស២៥៦៣ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចបន្ទប់ជួលជាន់ទី៣ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យឈ្មោះ អៀង ពន្លឺ ហៅជាង ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ករណីបង្រ្កាបការជួញដូរខុសច្បាប់នៅសារធាតុញៀនខាងលើនេះ កម្លាំងជំនាញបានដកហូតក្រាមព៌ណសសង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ធំ និង០១កញ្ចប់តូច ;ជញ្ជីងថ្លឹងចំនួន០១ ; គ្រាប់កាំភ្លើងចំនួន១៦គ្រាប់,ថង់ផ្លាស្ទិកសំរាប់ច្រកថ្នាំញៀនមួយចំនួន ។
ក្រោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរឃើញថា ស្រ្តីម្នាក់ជាសង្សារមិនជាប់ពាក់ព័ន្ធត្រូវសមត្ថកិច្ចធ្វើកិច្ចសន្យាឲ្យត្រលប់ទៅផ្ទះវិញ ចំណែកបុរសសង្ស័យត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ចន្ទ លីហ្សា