ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបក្រុមចោរតាមប្រព័ន្ធ GPS រកឃើញម៉ូតូ២គ្រឿង ស្លាកលេខម៉ូតូ៣៨សន្លឹកនិង កាតគ្រីម៉ូតូចំនួន ៤៥សន្លឹក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យបានលួចម៉ូតូមួយគ្រឿងនៅបន្ទប់ជួលភូមិប៉ប្រកត្បូង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ បានសម្រេចហើយគេចខ្លួនបាត់ស្រមោលកាលពីថ្ងៃទី៤ ខែតុលា​ ឆ្នាំ២០១៩​លុះរហូតមកវេលាម៉ោង៦ព្រឹក ថ្ងៃទី ៥ ខែតុលា​ឆ្នាំ២០១៩​ ទើបដឹងថា បាត់ម៉ូតូដោយម៉ូតូ ជាប់ប្រព័ន្ធGPS ជនរងគ្រោះប្តឹងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ តាមចាប់ដល់បន្ទប់ជនសង្ស័យរកឃើញម៉ូតូ៣គ្រឿង ស្លាកលេខម៉ូតូចំនួន ៣៨សន្លឹក រួមទាំងកាតគ្រីម៉ូតូចំនួន ៤៥សន្លឹក យកម៉ូតូរក្សាទុកចំណែកជនសង្ស័យគេចខ្លួនបាត់អស់ ។

ការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះបានឲ្យដឹងថា​ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៤ ខែតុលា​ ឆ្នាំ២០១៩​ រូបគាត់បានទុកម៉ូតូនៅមុខបន្ទប់ជួលខាងក្រោមរួចឡើងទៅសម្រាកនៅខាងលើបាត់ ។ លុះព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ចុះមកយកម៉ូតូក៏បាត់មិនដឹងទៅណា ទើបរត់ទៅដាក់ពាក្យបណ្តឹងឲ្យនគរបាលជួយអន្តរាគមន៍ភ្លាមៗ ។

លោកយឹមសារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា​ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម លោកក៏បញ្ជាមន្ត្រីក្រោមឱវាទចុះទៅស្រាវជ្រាវ ដោយសារម៉ូតូជាប់ប្រព័ន្ធ GPS ក៏តាមរករហូតដល់ទឹកដីខណ្ឌមានជ័យ សមត្ថកិច្ចបានឆែកឃើញទីតាំងមួយកន្លែងក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ទើបកម្លាំងប៉ុស្តិ៍កាកាប១ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ចុះទៅឆ្មក់ជនសង្ស័យខាងលើ តែពេលទៅដល់ ចាប់បានតែវត្ថុតាងតែប៉ុណ្ណោះ ។ ចំណែកក្រុមចោរវិញ បានរត់គេចខ្លួនបាត់ ។

ក្នុងនោះសមត្ថកិច្ចបានរកឃើញវត្ថុតាងយ៉ាងច្រើន រួមមាន ស្លាកលេខម៉ូតូចំនួន ៣៨បន្ទះ កាតគ្រីម៉ូតូចំនួន ៤៥សន្លឹក ម៉ូតូចំនួន៣គ្រឿង ក្នុងនោះមានម៉ូតូជនរងគ្រោះ១គ្រឿង ដូចជា៖ ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1J-7333 , ម៉ូតូម៉ាកស៊ុយសាគីលែត ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-5444 និងម៉ូតូជនរងគ្រោះម៉ាកហុងដាសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-3431 ប្រគល់ជូនម្ចាស់វិញ រួមនិងអត្តសញ្ញាណប័ណ្ណ៥សន្លឹក ផងដែរ ។

ពេលនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវបន្ត ដើម្បីតាមចាប់ក្រុមចោរទាំងនេះ ៕ សុខាសែនជ័យ​


ចែករំលែក៖