ខេត្តស្ទឹងត្រែង៖ ត្រីមេពូជនៅរដូវបិទនេសាទនេះ ត្រូវបានខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបិទបញ្ចប់ដោយជោគជ័យ នូវយុទ្ធនាការការពារត្រីមេពូជក្នុងរដូវបិទនេសាទក្នុងឆ្នាំ២០១៩នេះ ក្រោមការសាទរយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋនៅខេត្ត។
លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ប្រាប់អ្នកសារព៍ត៌មានយើងថា: នៅរដូវបិទនេសាទក្នុងដងទន្លេទាំងបួន គឹ១,ទន្លេមេគង្គ ២,ទន្លេសេកុង ៣,ទន្លេសេសាន ៤,ទន្លេស្រែពក ក្នុងខេត្តស្ទឹងត្រែង គឺចាប់អនុវត្តពីថ្ងៃទី ០១ ខែឧសភា រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ ក្នុងកំឡុងពេលបិទនេសាទនេះ ការនេសាទដោយមងបណ្តែតវែងៗ និងអួនគ្រប់ប្រភេទ ត្រូវបានហាមឃាត់ដើម្បីការពារ ឲ្យត្រីមេពូជគ្រប់ប្រភេទមានឳកាស អាចធ្វើចរាចរណ៍ទៅរកកន្លែងបន្តពូជ និងពងកូនបានដោយសុវត្ថិភាព។
លោកបន្តថា: ក្នុងយុទ្ធនាការរយៈពេលប្រាំខែនេះ ក្រុមអភិរក្សត្រីមេពូជបានធ្វើការផ្សព្វផ្សាយ នឹងអបរំ ណែនាំ ដល់ប្រជានេសាទបានចំនួន១៧២៥ ករណី ដកហូតនូវឧបករណ៍នេសាទខុសច្បាប់ដូចជា មងបណ្តែតក្រឡាធំ ជើងវែង និងសាច់អួន សម្រាប់នេសាទចំនួន ៤១៣ ត្បូង ស្មើនឹងប្រវែងប្រមាណ ១០០ ០០០ ម៉ែត្រ រួបនឹងបង្ក្រាបបទល្មើសឆក់ត្រីជាក់ស្តែងបានចំនួន១៥ ករណី ដោយបានបញ្ជូនខ្លួនជនប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់ចំនួន ០៧ នាក់ បញ្ចូនទៅតុលាការ។ ក្រៅពីនេះក៏មានផងដែរនូវការ បង្ក្រាបបទល្មើសជលផលផ្សេងៗជាច្រើនករណីទៀតដូចជា លូស្បៃមុង លបប្រើសមួយរយ ដាយ ជីប ។ល។ ជាពិសេសគឺកាត់ផ្តាច់បណ្តាញក្រុមដឹកជញ្ជូនផលនេសាទដែលបានមកពីបទល្មើសឆក់ត្រី។
លោកបញ្ចាក់ថា: តាមការប៉ាន់ស្មានដោយខណ្ឌរដ្ឋបាលជលផល ត្រីមេពូជគ្រប់ប្រភេទមិនតិចជាង ៣០០០ តោន នោះទេ ត្រូវបានជួយសង្គ្រោះ ដោយបានទៅបន្តពូជ និងទំលាក់ពងដោយសុវត្ថភាព ហើយអាចឲ្យយើងសល់កូនត្រីក្នុងធម្មជាតិរាប់លានកូនឯណោះ។ តែទោះបីជាយ៉ាងនេះក៏ដោយ ការប្រែប្រួលអាកាសធាតុ ជាពិសេសទឹកទន្លេឆ្នាំនេះមានកម្រិតទាប អាចធ្វើឲ្យការបន្តពូជរបស់ត្រីមេពូជមិនបានប្រសើរ។
ជាចុងក្រោយ លោកនាយខណ្ឌ បានបន្តសំណូមពរយ៉ាងទទូចចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជានេសាទ ត្រូវចូលរួមអភិរក្សទាំងអស់គ្នាក្នុងការថែរក្សា ការពារ និងប្រើប្រាស់នូវធនធានជលផលរបស់យើងជៀសប្រើឧបករណ៍ខុសច្បាប់ ដែលច្បាប់ហាមឃាត ឲ្យមាននិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ៕ មាស សុផាត