ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម។
ជាលទ្ធផលនៃការអញ្ជើញបំពេញទស្សនកិច្ចនេះ ទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយថ្នាក់ដឹកនាំនៅប្រទេសវៀតណាមសំខាន់ៗជាពិសេសនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម និងបានជជែកពិភាក្សា ព្រមទាំងដោះស្រាយការងារសំខាន់ៗជាច្រើនដូចជា ការជំរុញការវិនិយោគិនវៀតណាម មកវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសប្រទេសទាំងពីរ សម្រេចបាននូវដំណោះស្រាយបញ្ហាព្រំដែនដែលកន្លងមក ដែលបហរទេសទាំងពីរសម្រេចបាន៨៤% នៅសល់១៦% ទៀតនឹងខិតខំដោះស្រាយឲ្យបញ្ចប់ក្នុងពេលខាងមុខ រួមទាំងការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕