ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ចែករំលែក៖

ប្រទេសវៀតណាម៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយលោកជំទាវ ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម។

ក្នុងជំនួបនោះលោកជំទាវប្រធានរដ្ឋសភាវៀតណាមបានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងឱកាសដែលសម្ដេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមនាពេលនេះ។ លោកជំទាវបានចាត់ទុកថាដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោនៅពេលនេះគឺជាប្រវត្តិសាស្ត្រសំខាន់មួយសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវបានបន្តថា អ្វីដែលវៀតណាមចង់បានគឺចង់បន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកជំទាវប្រធានរដ្ឋសភាវៀតណាម ក៏បានអបអរសាទរចំពោះភាពជោគជ័យនូវដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូមកកាន់ប្រទេសវៀតណាមនាពេលនេះ ដោយក្នុងនោះសម្តេចតេជោក៏បានជួបជាមួយនឹងឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម និងឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម ជាពិសេសការចុះហត្ថលេខាលើឯកសារមួយចំនួនក្នុងគោលបំណងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការដូចជាទាក់ទងទៅនឹងពង្រីកការវិនិយោគ និងការធ្វើពាណិជ្ជកម្មថ្មីបន្ថែមទៀតនៃប្រទេសទាំងពីរ ជាពិសេសលោកជំទាវក៏បានអបអរសាទរចំពោះការចុះហត្ថលេខាព្រមព្រៀងទៅលើការឯកភាពទៅលើការបោះបង្គោលខណ្ឌសីមាព្រំដែនដីគោកនៃប្រទេសទាំងពីរដែលកន្លងមកនេះបានសម្រេច ៨៤% និងនៅសេសសល់១៦%ទៀតដែលថ្នាក់ដឹកនាំទាំងពីរនឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណដល់លោកជំទាវដែលបានទទួលស្វាគមន៍និងចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជាក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលនេះ។ សម្ដេចក៏បានមានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចនេះគឺជាប្រវត្តិសាស្ត្រមួយសំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការបង្កើននូវទំនាក់ទំនង ពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្នានឹងគ្នា។ សម្ដេចក៏បានបន្តទៀតថា រឿងព្រំដែននៃប្រទេសទាំងពីរគឺជារឿងដ៏សំខាន់ ហើយការងារនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំមកហើយ ហើយសម្ដេចចង់ឃើញមានកិច្ចសហប្រតិបត្តិការគ្នា និងគ្នាជាពិសេសតាមតំបន់ព្រំដែនដែលនឹងប្រែក្លាយតំបន់ព្រំដែននេះ ឲ្យទៅជាតំបន់ព្រំដែនអន្តរជាតិ ជាតំបន់ព្រំដែនដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ ។

សម្ដេចតេជោ បានមានប្រសាសន៍ថាសម្ដេចបានខិតខំណាស់ក្នុងការជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីធ្វើយ៉ាងណាប្រជាជន និងប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងនឹងគ្នាល្អ និងជីវភាពរស់នៅកាន់តែមានភាពប្រសើរឡើងផងដែរ។ ក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់វៀតណាមដែលបានជំរុញឲ្យមានការវិនិយោគមកកាន់ប្រទេសកម្ពុជា ។ សម្តេចតេជោក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចសាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចពញ្ញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជូនចំពោះលោកជំទាវប្រធានរដ្ឋសភាវៀតណាមផងដែរ។ ហើយលោកជំទាវប្រធានរដ្ឋសភាវៀតណាម ក៏បានផ្ដាំផ្ញើត្រឡប់មកវិញនូវការសួរសុខទុក្ខចំពោះសម្ដេចប្រធានសភាកម្ពុជា នឹងសម្តេចប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។

ក្នុងឱកាសនោះផងដែរលោកជំទាវក៏បានជំរុញឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបង្កើននូវការចរចាបញ្ហាព្រំដែនដែលនៅសេសសល់១៦ទៀតឲ្យចប់សព្វគ្រប់ក្នុងពេលដ៏ខ្លីខាងមុខ ។ លោកជំទាវប្រធានរដ្ឋសភា ក៏បានកោតសរសើរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័សទាំងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មមានការរីកលូតលាស់ជឿនលឿន និងទាក់ទាញការវិនិយោគច្រើនពីបរទេស នឹងធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរជាបន្តបន្ទាប់៕


ចែករំលែក៖