ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំឃុបឃិតឲ្យលោក គូ ប៊ុនទឹង កសាងបទល្មើសនេសាទ

ចែករំលែក៖

គេរាយការណ៍ថា បទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ច ឬក្នុងកណ្តាប់ដៃលោក គូ ប៊ុនទឹង មន្រ្តីជលផលត្រួត៥ស្រុក នៅក្នុងខេត្តកំពង់ធំបានកើតមានយ៉ាងគគ្រឹក គគ្រេង ដែលធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា បទល្មើសទាំងនោះ គឺជាការឃុបឃិតរបស់ អាជ្ញាធរថ្នាក់ខេត្ត បើកដៃឲ្យលោក គូ ប៊ុនទឹង ធ្វើអ្វីៗស្រេចតែនឹងចិត្ត ដើម្បីចែកផល ប្រយោជន៍គ្នា។ ហេតុដូច្នេះហើយ បើទោះបីមានការរិះគន់ពីប្រជាពលរដ្ឋយ៉ាងក៏ដោយ ក៏ថ្នាក់ដឹកនាំខេត្តកំពង់ធំនៅតែធ្វើមិនដឹងមិនឮ ដើម្បីទុកឱកាសឲ្យលោក គូ ប៊ុនទឹង ឃុបឃិតជាមួយឈ្មួញកសាងបទល្មើស ប្រយោជន៍ដើម្បីយកលុយពីឈ្មួញអ្នកសាងបទល្មើស។

គេរាយការណ៍ថា នៅចំណុចភូមិគោកត្របែក, ទួលតាមុំ ស្ថិតក្នុងឃុំទ្រាល ស្រុក តាំងគោក ក៏ដូចជានៅចំណុចបឹងចានបាច និងទឹកពុល ស្ថិតនៅឃុំព្នៅ ស្រុកសន្ទុក បទល្មើសនេសាទបានកើតឡើងជាចំហ ព្រោះតែការឃុបឃិតរវាងលោក គូ ប៊ុនទឹង និងពួកឈ្មួញ។ ជាក់ស្តែងនៅក្នុងរូបភាព បញ្ជាក់ឲ្យឃើញថា បទល្មើស នេសាទ បាននឹងកំពុងកើតឡើងយ៉ាងសកម្ម ហើយមានទ្រង់ទ្រាយធំទៀតផង។​ ក៏ប៉ុន្តែ គេមិនឃើញលោក គូ ប៊ុនទឹង ចុះបង្ក្រាបបទល្មើស ទាំងនោះម្តងណាឡើយ។ ពោលគឺ បទល្មើសនេសាទ គឺជាឆ្នាំងបាយដ៏រឹងមាំរបស់លោក គូ ប៊ុនទឹង ក៏ដូចជា អាជ្ញាធរថ្នាក់ដឹកនាំខេត្តកំពង់ធំនោះដែរ។

ប្រភពរាយការណ៍ប្រភពនេសាទ សុទ្ធតែមើលឃើញដោយភ្នែកទទេ ប៉ុន្តែអាជ្ញាធរ ខេត្តកំពង់ធំ ជាពិសេសមន្ទីរកសិកម្ម ធ្វើមិនដឹងមិនឮ ឃុបឃិតបណ្តែតបណ្តោយឲ្យ លោក គូ ប៊ុនទឹង ធ្វើអ្វីៗស្រេចតែនឹងចិត្ត ហើយចែកលាភសក្ការៈជាមួយគ្នា។ ករណី នេះអាជ្ញាធរខេត្តកំពង់ធំ ក្រោមអំណាចចាត់ចែងរបស់លោក សុខ លូ ក៏ដូចជាអគ្គ​នាយក​ដ្ឋានរដ្ឋបាលជលផល ពិនិត្យមើលសកម្មភាព ការងារមិនប្រក្រតីរបស់លោក គូ ប៊ុនទឹង នោះផង។ ពីព្រោះថា បើបណ្តែតបណ្តោយឲ្យយូបន្តិចទៀត ធនធានមច្ឆ ជាតិ នៅតំបន់បឹងទន្លេសាបទាំងនោះមុខជាត្រូវរលាយហិនហោចផុតពូជមិនខានឡើយ៕


ចែករំលែក៖