ខេត្តស្ទឹងត្រែង៖ ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៩ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត នឹងជាសមាជិកអចិន្រ្តយ៍គណៈកម្មាធិការ កណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង តំណាង លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកអំណោយ មនុ ស្សធម៌ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជ ន កម្ពុជា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់កាលពីថ្មីៗកន្លងមកមានចំនួន ២៦ភូមិ និង៤ឃុំ ដែលរស់នៅក្នុង ស្រុកសៀមប៉ាង សរុបចំនួន២.០១០ គ្រួសារ ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រ ចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង និង សមាជិក សសយក ថ្នាក់ខេត្តជាច្រើនរូប ។
បាននាំយកអំណោយមនុស្សធម៌របស់សហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជម្នន់ថ្មីៗនេះ លោកម៉ុម សារឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្ដាំផ្ញើសួរ សុខទុក្ខ ដោយក្តីនឹករលឹក ក្នុងការអាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ នឹងគិតគូរជានិច្ច និងយកចិត្តទុកដាក់យ៉ាងខ្លាំងណាស់ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយសារគ្រោះធម្មជាតិផ្សេងៗ សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាទុករបស់ថ្នាក់ដឹកនាំដែលតែងតែនៅក្បែរប្រជាជនគ្រប់ពេលវេលា ដោយលោកបានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះជួយសម្រាលការលំបាករបស់លោកយាយ លោកតា បងប្អូនទាំងអស់ ឲ្យបានទាន់ពេលវេលា ដោយមានស្មារតី និងឆន្ទៈខ្ពស់ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ មន្ត្រីរបស់រាស្ត្រក្នុងមូលដ្ឋានរបស់ខ្លួន។
ជាចុងក្រោយលោកអភិបាលខេត្តបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចាប់ផ្តើមប្រកបមុខ របរចិញ្ចឹមជីវិត និងបង្កបង្កើនផលដាំដំណាំឡើងវិញ ក្រោយទឹកស្រក និងត្រូវចេះស្រឡាញ់រាប់អានគ្នា ជួយគ្នាទៅវិញទៅមកក្នុងនាមជាប្រជាពលរដ្ឋខ្មែរតែមួយ និងសូមគិតគូរថែទាំសុខភាពឱ្យបានល្អ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យទើបសុខភាពល្អ ។
សូមបញ្ជាក់ថា. អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលផ្តល់ជូនដល់គ្រួសាររងគ្រោះ ទាំង២.០១០គ្រួសារ តាមរយៈ ឯកឧត្តម ម៉ុម សារឿន និងឯកឧត្តម ផៃ ប៊ុនឈឿន នាឱកាសនោះ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ 20 គីឡូក្រាម ៕ មាស សុផាត