ខេត្តកំពង់ធំ៖ អ្នកបើកបរម៉ូតូបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ជ្រុលចង្កូតទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយគ្នាបណ្ដាលឲ្យបុរម្នាក់ស្លាប់ ។
ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅថ្ងៃអាទិត្យ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង ២៥នាទី លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យបុរសម្នាក់ស្លាប់ ខូចខាតម៉ូតូ០១គ្រឿងម៉ាកហុងដាវេវ C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AU.2274 (បើកបរទឹសដៅពីជើងទៅត្បូង) ដោយឈ្មោះ យ៉ន វ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) (ពាក់មួកសុវត្ថិភាព) មុខរបរកម្មករ ។
ចំណែកម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ក្រហម គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក (បើកបរទឹសដៅពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។
មូលហេតុបង្កឡើងដោយអ្នកបើកបរម៉ូតូ ហុងដាវេវ (i)ឈ្មោះ យ៉ន វ៉ា បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទៅបុករ៉ឺម៉ក ដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយគ្នា ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង ធ្វើកំណត់ហេតុប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គ រីឯសពបានប្រគល់ជូនក្រុមគ្រួសារ ៕ ប៊ុនរិទ្ធី