ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅ៣ ដាក់គ្រឿងចក្រវាយ កាយរបង បើកផ្លូវក្នុងភូមិព្រៃជីសាក់

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែប្រវែង១២០០ម៉ែត្រ ទទឹង១៤ម៉ែត្រ សាច់បេតុង១២ម៉ែត្រ នៅភូមិព្រៃព្រីងជើង ដល់ភូមិព្រៃជីសាក់ កែងផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ត្រូវបានកំពុងស្ថាបនា តាមគម្រោងរបស់សាលារាជធានីភ្នំពេញ ក៏ប៉ុន្តែទន្ទឹមទៅនឹងការសាងសង់ពង្រីកផ្លូវ ត្រូវតែមានផលប៉ះពាល់ខ្លះៗ សំយាប របងផ្ទះប្រជាពលរដ្ឋ ។

ដំណើរការស្ថាបនាផ្លូវបេតុងខាងលើ ទោះកន្លងមក ប្រជាពលរដ្ឋ មានកិច្ចសន្យា រាល់ការរុះរើរបង សំយាប អស់រយៈពេលច្រើននៅតែមិនដាច់ស្រេច ទើបនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ បញ្ចៀសការរាំងស្ទះក្នុងការស្ថាបនា អាជ្ញាធរសង្កាត់ចោមចៅ៣ ដឹកនាំកម្លាំងដាក់គ្រឿងចក្រ ចុះទៅវាយ កាយ របង ពង្រីកបើកផ្លូវ គម្រប់ទៅតាមខ្នាត បានគ្រោងទុក១៤ម៉ែត្រ ត្រង់ចំណុច ផ្លូវលេខ១ ក្រុម១ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

បើតាមប្រជាពលរដ្ឋវិញ បានឲ្យដឹងថា ពួកគាត់ក៏មិនជំទាស់អ្វីដែរ កាលបើអាជ្ញាធរ បានបើកពង្រីកធ្វើផ្លូវ បេតុង ធំទូលាយ បម្រើប្រយោជន៍រួម ។

អាជ្ញាធរ បានឲ្យដឹងថា ផ្លូវបេតុងខាងលើទទឹង១៤ម៉ែត្រ សាច់បេតុង១២ម៉ែត្រ ប្រវែង១២០០ម៉ែត្រ កំពុងសាងសង់ ហើយនៅព្រឹកនេះ ដើម្បីឲ្យដំណើរសាងសង់ឲ្យបានរលូន អាជ្ញាធរបានយកគ្រឿងចក្រ វាយ កាយ របង សំយាប នៅសេសសល់ ក្រោយពីម្ចាស់ទីតាំងមានកិច្ចសន្យាជាមួយអាជ្ញាធររួចហើយ ៕ សុខាសែនជ័យ​


ចែករំលែក៖