កិច្ចពិភាក្សាបរាជ័យជាមួយកូរ៉េខាងជើង កាលពីថ្ងៃទី៥ ខែតុលា នៅទីក្រុងស្តុកខម ប្រទេសស៊ុយអែត ដោយសារតែអាមេរិក មិនបានកែប្រែគោលនយោបាយមួយចំនួនរបស់ខ្លួន។ អាមេរិក រក្សាគោលជំហរដដែល ប៉ុន្តែបែរជាបង្ខំឲ្យគេបោះបង់ទៅវិញ ។
កន្លងមកអ៊ីរ៉ង់ ក៏ធ្លាប់ប្រាប់ដល់កូរ៉េខាងជើង ថា កុំឲ្យទុកចិត្តអាមេរិក ព្រោះអាមេរិកអាចក្រឡាសបាតដៃខ្នងដៃ ក្រោយពេលដែលបោះបង់ កម្មវិធីអាវុធ ដែលគំរាមកំហែងដល់អាមេរិកនោះ ។
នៅពេលនេះដែរ ប្រធានអង្គការថាមពលបរមាណូ អ៊ីរ៉ង់ លោក Ali Akbar Salehi បានប្រកាសឲ្យដឹងថា អ៊ីរ៉ង់នឹងដាក់ឲ្យដំណើរ នូវម៉ាស៊ីនចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម៣០គ្រឿងប្រភេទទំនើប IR-6 នៅពេលដ៏ខ្លីខាងមុន។ សកម្មភាពបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងពេល ដែលប្រឈមមុខតានតឹងនៅក្នុងតំបន់ ជាមួយអាមេរិក។
លោកSalehi បានបន្តទៀតថា មានម៉ាស៊ីន ចម្រើនសារធាតុ អ៊ុយរ៉ានីញ៉ូមដ៏ទំនើប IR-6 នឹងត្រូវដាក់ឲ្យដំណើរការនៅក្នុងសប្តាហ៍ក្រោយ ។ សកម្មភាពខាងលើ របស់អ៊ីរ៉ង់ក្រោយពេលដែល អាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ហើយបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាលអ៊ីរ៉ង់។
តាមការលើកឡើងរបស់លោក Ali Akbar Salehi ជាមួយនិងម៉ាស៊ីនទំនើប ខាងលើ អ៊ីរ៉ង់ និងចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម យ៉ាងតិច៦គីឡូក្រាម ក្នុងមួយថ្ងៃ។ ក្នុងរយៈពេល ៩ខែកន្លងមក អ៊ីរ៉ង់ បានដាក់ឲ្យដំណើរការ ម៉ាស៊ីនចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមដល់ទៅ២០ ប្រភេទ IR-6 អាច ចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមមានល្បឿនលឿនជាង១០ដងបើប្រៀបធៀបនិងម៉ាស៊ីន IR-1 ដែលអ៊ីរ៉ង់បានប្រើប្រាស់នាពេលកន្លងមក៕