ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពេលចិនកាត់បន្ថយការទិញផលិតផលកសិកម្ម អាមេរិក ខិតខំស្វែងរកទីផ្សារផ្សេងជំនួស

ចែករំលែក៖

វិស័យកសិកម្មអាមេរិក កំពុងប្រឈមនៅបញ្ហាជាច្រើន ក្រោយពេល ចិនប្រកាសផ្អាកទិញផលិតផលកសិកម្ម មួយចំនួនពីអាមេរិក ដោយសារតែសង្គ្រាមពាណិជ្ជកម្ម ។ ទាំងនោះហើយបានធ្វើឲ្យកសិករអាមេរិក​ប្រឈមនូវបញ្ហាជាច្រើនដោយសារតែ ផលិតផលកសិកម្មដែលខ្លួនខំដាំដុះ បាត់បង់តម្លៃ ។

ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់កសិករអាមេរិក ​លោកត្រាំបានខិតខំស្វែងរកទីផ្សាដែលមានស្កានុពល​បំផុត ​នៅតំបន់អាស៊ី ក្នុងនោះមានប្រទេសជប៉ុនជាដើម​។ នៅពេលនេះ សហរដ្ឋអាមេរិក និង​ជប៉ុន​បានចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មជាមួយគ្នា​ ស្តីអំពី​វិស័យកសិកម្ម ហើយនិងវិស័យ​ពាណិជ្ជកម្មឌីជីថល ។

លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៧ ខែតុលា បានសាទរ​ចំពោះ​កសិករ​អាមេរិក បន្ទាប់ពី​បានប្រកាស​អំពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយជប៉ុន ដោយលើកឡើងថា កិច្ចព្រមព្រៀង​នោះ នឹងធ្វើឲ្យទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែស៊ីជម្រៅ​នៅក្នុងវិស័យ​កសិកម្ម និងពាណិជ្ជកម្មឌីជីថល ។

លោក ដូណាល់ ត្រាំ បានថ្លែងថា កិច្ចព្រមព្រៀងថ្មីរវាង​អាមេរិក និងជប៉ុននេះ គឺជាជោគជ័យដ៏ធំធេង​មួយសម្រាប់ប្រជាជាតិយើងទាំងពីរ ។ យើងស្រឡាញ់កសិករ និងស្រឡាញ់អ្នកដែលចិញ្ចឹមយើង ។ យើងបាននិងកំពុងធ្វើការយ៉ាងខ្លាំង​លើបញ្ហានេះ ។

យោងតាមកិច្ចព្រមព្រៀងថ្មីនេះ ប្រទេសជប៉ុន​នឹងកាត់បន្ថយពន្ធសម្រាប់ការនាំចេញ​កសិផល​របស់សហរដ្ឋអាមេរិក​ចំនួន​៧ពាន់លានដុល្លារអាមេរិក រួមទាំងសាច់គោ និងសាច់ជ្រូក ការកាត់បន្ថយ​ទិញស្រូវសាលី ឬធញ្ញជាតិដទៃទៀតជាដើម ។

ជាថ្នូរត្រឡប់វិញ សហរដ្ឋអាមេរិក​យល់ព្រមកាត់បន្ថយ​ពន្ធលើទំនិញកសិកម្មរបស់ជប៉ុន​ចំនួន​៤០លានដុល្លារ និងបន្ថូរបន្ថយ​កូតា អត្រាពន្ធលើសាច់គោ​របស់ប្រទេសនេះ ដែលអនុញ្ញាតឲ្យប្រទេសជប៉ុន​អាចប្រកួតប្រជែង​ដណ្តើមចំណែកទីផ្សារអាមេរិក​កាន់តែច្រើនបន្ថែមទៀត ។

ក្នុងកិច្ចព្រមព្រៀងដោយឡែក មន្ត្រីអាមេរិក និងជប៉ុន​ក៏បានព្រមព្រៀង​គ្នាលុបចោល​កាតព្វកិច្ច​ពន្ធលើផលិតផលឌីជីថល ដូចជាវីដេអូតន្ត្រី និងអេឡិចត្រូនិក ក៏ដូចជាដើម្បីធានា​ការឆ្លងដែនផងដែរ ដោយការផ្ទេរទិន្នន័យ គឺមិនមានឧបសគ្គ ។

មន្ត្រីជប៉ុន​បានថ្លែង​កាលពីខែមុននេះថា ទីក្រុងវ៉ាស៊ីនតោនបានសន្យា​ថា នឹងមិនដាក់ពន្ធ​លើការនាំចេញរថយន្តរបស់ជប៉ុនទេ ដែលជាការគំរាមកំហែង​របស់លោកដូណាល់ ត្រាំនោះ។ លោក ត្រាំ តែងគំរាមកំហែង​យកពន្ធ​នេះ លើដៃគូពាណិជ្ជកម្មធំ​របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៨រហូតមកម្ល៉េះ​ ៕


ចែករំលែក៖