ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័របុកម៉ូតូពីក្រោយអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅ និងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភេទ្យ ក៏បង្កការភ្ញាក់កាលពីវេលាម៉ោង០៩ និង៤០នាទី ថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ វង្ស ពៅ អាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅ ភូមិត្រពាំងរុណ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-9015 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលចង្កូតទៅបុកពីក្រោយ និងម៉ូតូមួយគ្រឿងម៉ាក អុិចសុិនទ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HI-5293 ជិះគ្នាពីរនាក់ ធ្វើដំណើរស្របទិសគ្នា ពេញទំហឹងគៀបជាប់ម៉ូតូនៅក្រោមកង់រថយន្តអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅ នឹងកន្លែង រីឯម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯតៃកុងឡាន បានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះដល់កន្លែងកើតហេតុ រួចវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការនគរបាល ខណ្ឌដង្កោ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ