ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆាបឆេះផ្ទះប្រជាពលរដ្ឋ​ ២កន្លែងក្នុងខណ្ឌ២ផ្សេងគ្នានៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យ​ឆាបឆេះផ្ទះប្រជាពលរដ្ឋ​ ២កន្លែងផ្សេងគ្នា​ ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ។

ករណីអគ្គិភ័យទី១​ នៅម៉ោ​ង៣រសៀល ថ្ងៃទី៩​ ខែតុលា ឆ្នាំ២០១៩​ នៅចំណុចផ្ទះលេខ 16E0 ផ្លូវ១៤៨​ ក្រុមទី២៤ ភូមិ៧​ សង្កាត់ផ្សារកណ្ដាលទី២​ ខណ្ឌដូនពេញ​ បានបណ្តាលឲ្យឆាបឆេះ​ផ្ទះ​ មួយកន្លែង​ ក្នុងបន្ទប់ជាន់ឡាវតឿ​ ទំហំ​ ៣x៤​ ខូចខាតទូរទស្សន៍ចំនួន​ មួយគ្រឿង​, កុំព្យូទរ័​ ២គ្រឿង,​ កង្ហារ​ មួយគ្រឿង,​ ពូកមួយ​ និងខោអាវភួយមុងមួយចំនួន ។

ករណីអគ្គីភ័យនេះ​ បានរលត់ទៅវិញ​ នៅម៉ោង​ ៣និង២០នាទីរសៀល ថ្ងៃដដែល​ ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ​ ១៥បំពង់​,​ ម៉ូតូពន្លត់អគ្គិភ័យរបស់សាលាខណ្ឌដូនពេញ​ចំនួន​ ៣គ្រឿង ប្រើប្រាស់ទឹកអស់​មួយគ្រឿង​ និងរថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមក​ចំនួន​ ៤គ្រឿងតែពុំបានប្រើប្រាស់ទេ ។

ករណីអគ្គិភ័យទី២ នៅម៉ោង ៤និង២០នាទីរសៀល នៅចំណុចផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានបណ្តាលឲ្យឆាបឆេះផ្ទះ មួយខ្នង ឆេះជាន់ខាងលើ​ ក្នុងនោះរងការខូចខាតសម្ភារមួយចំនួន​ ។

ករណីអគ្គិភ័យនេះ​ បានរលត់ទៅវិញនៅម៉ោង​ ៤និង៤៥នាទីរសៀល ថ្ងៃដដែល​ ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ​ចំនួន​ ១០បំពង់​ ទើបភ្លើងរលត់ទៅវិញ ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ​ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ដោយក្នុងនោះ​ មិនមានបអ្នករងរបួសនិងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ ៕ ជ្រោយពេជ្រ


ចែករំលែក៖