ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារបស់យុវជននៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ៖ សុខសន្តិភាព និងស្ថិរភាពសង្គម និងនយោបាយនៅកម្ពុជាជាង៣០ឆ្នាំមកនេះ បានផ្តល់ឱកាសយ៉ាងច្រើនដល់យុវជនក្នុងការសិក្សារៀនសូត្រទាំងនៅក្នុង និងក្រៅប្រទេស។ មានសិស្សានុសិស្ស និងនិស្សិតជាច្រើនបានចេញទៅបន្តការសិក្សានៅឯបរទេសលើមុខជំនាញជាច្រើន ក្នុងនោះរួមទាំងវិស័យកងទ័ពផងដែរ។

វិស័យកងទ័ព គឺជាវិស័យដ៏មានសារៈសំខាន់បំផុតក្នុងការថែរក្សាការពារសន្តិភាព និងបូរណាភាពទឹកដី ដែលតម្រូវអោយមានការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពទាំងនៅក្នុងនិងក្រៅប្រទេសដែលយើងអាចមានលទ្ធភាពធ្វើទៅបាន។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយអោយទទួលបានសិក្សានៅក្រៅប្រទេសដើម្បីស្វែងរកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗមកជួយអភិវឌ្ឍន៌ប្រទេសជាតិ។ មិនថាពួកគេមានប្រភពមកពីណា ឬស្ថិតក្នុងជីវភាពគ្រួសារបែបណា ជាកសិករ អាជីវករ ឬជាមន្ត្រីរាជការ គឺពួកគេទាំងអស់សុទ្ធតែត្រូវបានរាជរដ្ឋាភិបាលផ្តល់ឱកាស ជម្រុញ និងលើកទឹកចិត្តអោយបានរៀនសូត្រនៅសាលាល្អៗដែលមានកម្មវិធីហ្វឹកហ្វឺនប្រកបដោយគុណភាព។

ជាក់ស្តែងដូចយុវជនប៉ុន្មានរូបនេះ គឺបានតស៊ូ និងអំណត់អត់ធន់រៀនសូត្រនៅបរទេសរហូតបញ្ចប់ការសិក្សាហើយបានវិលមកកាន់មាតុប្រទេសវិញ។ ទន្ទឹមនឹងនោះ ក៏មានយុវជន យុវតីខ្មែរយើងជាច្រើនរូបទៀតដែលបាន និង កំពុងសិក្សាយ៉ាងច្រើននៅបរទេសដើម្បីស្រូបយកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងជំនាញមកបម្រើប្រទេសជាតិ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់យុវជនពីគ្រប់ស្រទាប់វណ្ណៈអោយទទួលបានការសិក្សាជ្រៅជ្រះ ទាំងក្នុងវិស័យកងទ័ព និងនៅក្នុងវិស័យដទៃៗទៀតសម្រាប់យកមកចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន៕

*សូមរង់ចាំស្តាប់ការសម្ភាសន៍ផ្ទាល់ជាមួយក្មួយៗយុវជនដែលនឹងផ្សាយនៅពេលបន្តិចទៀតនេះ៕

ប្រភពហ្វេសប៊ុកសម្ដេចតេជោហ៊ុន សែន


ចែករំលែក៖