ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកកំពុងព្យាយាមជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន

ចែករំលែក៖

អាមេរិកប្រើគ្រប់វិធីសាស្ត្រដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន​​ ក្នុងនោះ មានកោះ​តៃវ៉ាន់ ហុងកុង​​ ទីបេ ហើយពេលនេះគឺ តំបន់ស៊ីនជាំង​។ អាមេរិក បានយកហេតុផលការ​ពារសិទ្ធិមនុស្ស ដើម្បីលូកដៃ បង្កឲ្យមានអស្ថេរភាព ក្នុងសង្គម​។

ស្ថានទូត​របស់ទីក្រុងប៉េកាំង​ប្រចាំ​នៅទីក្រុងវ៉ាស៊ីន​តោន​បាន​ថ្លែងថា សហរដ្ឋអាមេរិក​បាននិងកំពុងប្រើប្រាស់«លេសសិទ្ធិមនុស្ស»​ដើម្បីជ្រៀតជ្រែក​ចូលកិច្ច​ការផ្ទៃក្នុងរបស់​ប្រទេសចិន ។

កាសែត the Guardian នៅថ្ងៃទី៩ ខែ​តុលា ឆ្នាំ២០១៩ បានផ្សាយថា សហរដ្ឋអាមេរិក​បានកាក់កម្រិត​ដល់ការផ្តល់ទិដ្ឋាការ​ទៅលើរដ្ឋាភិបាលចិន និងមន្ត្រីគណបក្សកុម្មុយនីស្ត ដែលត្រូវចោទប្រកាន់ថា បានចូលរួមនៅក្នុងសកម្មភាព​ ធ្វើជំរំធំមួយ​ឃុំឃាំង​ជនជាតិភាគតិច​អ៊ុយហ្គរមូស្លីម​ជាង​មួយលាននាក់ ក៏ដូច​ជាក្រុមជនជាតិមូស្លីមដទៃផ្សេងទៀត​នៅក្នុងខេត្តស្វយ័តស៊ីន​ជាំង ។

ការប្រកាស​រិតបន្តឹង​ទិដ្ឋាការនេះ​ធ្វើឡើងដោយក្រសួងការបរទេសអាមេរិក​ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីមួយថ្ងៃ​ក្រសួងពាណិជ្ជកម្មអាមេរិក​បានអនុម័ត​រិតបន្តឹង​ការនាំចេញ​ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដើម្បីការពារ​ពួកគេកុំឲ្យលក់ផលិតផល ដែលមានការទទួលស្គាល់ ក៏ដូចផលិតផលតាមដាន ឈ្លបយកការណ៍​ជាដើម ទៅឲ្យអង្គភាព ឬក្រុមហ៊ុនចិន​ចំនួន​២៨ ក្នុងនោះ​មានរួមបញ្ចូលទាំងការិយាល័យសន្តិសុខសាធារណៈ និងក្រុមហ៊ុនទាក់ទងនឹងការ​ឃ្លាំមើល នៅក្នុងខេត្តស៊ីនជាំង ។

លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានថ្លែងការណ៍ថា «ប្រទេសចិន​បានបង្ខិបង្ខំ​ឃុំខ្លួន​ជនមូស្លីមជាង១លាននាក់​ ក្នុងលក្ខណៈឃោរឃៅ, យុទ្ធនាការជាលក្ខណៈប្រព័ន្ធលុបបំបាត់ជំនឿសាសនា និងវប្បធម៌​នៅក្នុងខេត្តស៊ីនជាំង ។ ចិនត្រូវតែបញ្ចប់ការគាបសង្កត់ ការឃ្លាំមើល​យ៉ាងតឹងរឹងរបស់ខ្លួន, ដោះលែងជនទាំងអស់នោះដែលឃុំខ្លួនតាមអំពើចិត្ត ព្រមទាំងបញ្ឈប់ការបង្ខិតបង្ខំលើជនមូស្លីមចិន​នៅក្រៅប្រទេស» ។

ការប្រកាសដាក់ទណ្ឌកម្ម​របស់អាមេរិកនេះ បានធ្វើឲ្យទីក្រុងប៉េកាំង​ប្រចាំនៅទីក្រុងប៉េកាំង​ឆ្លើយតប​​យ៉ាងខ្លាំងក្លា ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិក​កំពុងប្រើ​«លេសសិទ្ធិមនុស្ស» ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។

នៅលើបណ្តាញទំនាក់ទំនងសង្គមធ្វីតធើរបស់ខ្លួន ស្ថានទូតចិន​បានសរសេរថា «សកម្មភាពរបស់អាមេរិក​នៅពេលនេះ កំពុងតែរំលោភ​បំពានយ៉ាងធ្ងន់ធ្ងរ​បទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ, ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឲ្យអន្តរាយ​ដល់ផលប្រយោជន៍​របស់ប្រទេសចិន» ។

ស្ថានទូតចិន​បានបន្តថា «ការប្រឆាំងភេរវកម្ម និងវិធានការកម្ចាត់ពួករ៉ាឌីកាល់ នៅក្នុងខេត្តស៊ីនជាំង គឺមានបំណង​លុបបំបាត់​ដែនដី​កំណើត​របស់ពួកជ្រួលនិយម និងពួកគេរវកម្ម ។ វិធានការនោះ​ស្ថិតនៅក្នុងខ្សែបន្ទាត់​ច្បាប់របស់ចិន និងការអនុវត្តជាអន្តរជាតិ ព្រមទាំងមានការគាំទ្រពី​ប្រជាជន​ទាំងអស់ជិត​២៥លាននាក់​ ដែលជាជនជាតិភាគតិច​ផ្សេងៗទៀត​នៅក្នុងខេត្តស៊ីនជាំង»៕


ចែករំលែក៖