ខេត្តសៀមរាប ៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ឈ្មោះ ឈុន វាន ភេទប្រុស អាយុ៣០ឆ្នាំ ស្រុកកំណើតភូមិតាប៉ាង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ពីបទ “រួមគំនិតក្បត់” យោងតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប គឺ លោក យិន ស្រ៊ាង បានឲ្យដឹងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ។
លោក លោក យិន ស្រ៊ាង បានឲ្យដឹងថា ការចោទប្រកាន់លើឈ្មោះ ឈុន វាន បន្ទាប់ពីជននេះ បានបង្ហោះសារលើបណ្ដាញសង្គម Facebook ពីប្រទេសថៃ កៀរគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល នៅក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ក្រុមឧទ្ទាម សម រង្ស៊ី និងបក្ខពួក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
លិខិតរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ឃុន វាន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិតាប៉ាង ឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប ពីបទ រួមគំនិតក្បត់ មាត្រា៤៥៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ ឈ្មោះ ឃុន វាន (អតីតក្រុមប្រឹក្សាឃុំក្ដីរុន គណបក្សសង្គ្រោះជាតិ) ស្រកពូក ខេត្តសៀមរាប បានបង្ហោះខ្លឹមតាមប្រព័ន្ធសង្គមហ្វេសប៊ុកពីប្រទេសថៃ ដើម្បីកៀរគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដូចជា តោះយើងទៅប្រទេសយើងវិញ, ពួកយើងជាកូនខ្មែរ មានភារកិច្ចជួយមាតុភូមិយើងកុំឈរអោបដៃមើលប្រទេសជាតិជួបគ្រោះមហន្តរាយ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមគ្នាបញ្ចប់របបផ្ដាច់ការនៅកម្ពុជា, យុទ្ធនាការម្រាមដៃ៩ វិច្ឆិកា ជួយជាតិខេមរាឲ្យរួចផុតពីជនផ្តាច់ការ ហ៊ុន សែន។
តាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចាត់ទុកថា នេះជាឧបាយកល ដើម្បីគាំទ្រដល់ “ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី។ ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល និងគាំទ្រការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
អ្នកនាំពាក្យបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ រួមគំនិតក្បត់ ដែលមានទោសពី០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលាដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា មកដល់ពេលនេះ អតីតថ្នាក់ដឹកនាំ ក៏ដូចជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣០នាក់ហើយ ត្រូវបានចោទប្រកាន់ពីបទ “ឧបឃាត” និងបទ “រួមគំនិតក្បត់”។ ក្នុងចំណោមជនជាប់ចោទ ទាំងអស់នេះ មានខ្លះ ត្រូវចាប់ខ្លួនបានហើយ និងមួយចំនួនទៀត កំពុងគេចខ្លួន ដែលសមត្ថកិច្ចចម្រុះកំពុងសហការគ្នាជាមួយប្រទេសជិតខាងតាមចាប់ខ្លួនបន្តទៀតឲ្យខាងតែបាន ៕ ប្រាថ្នា