ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមពិធីសម្ភោធ “ផ្ទះមេត្តា” ទី៣ រវាងកម្ពុជា-អាល្លឺម៉ង់ 

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប បានចូលរួមពិធីសម្ភោធ “ផ្ទះមេត្តា” ទី៣ កាលពីរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ដើម្បីចូលរួមចំណែក សិល្បៈនិងសកម្មភាពផ្សេងៗ នៅក្នុងស្រុក មិនតែប៉ុណ្ណោះទីតាំងនេះ ក៏ដើរតួនាទី ក្នុងកិច្ចសន្ទនា អន្តរវប្បធម៌ រវាងកម្ពុជា-អាល្លឺម៉ង់ ។

លោក Nicolaus Mesterharm ប្រធាន “ផ្ទះមេត្តា” បានថ្លែងក្នុងពិធីសម្ភោធ “ផ្ទះមេត្តា” ទី៣ កាលពីរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ថា ផ្ទះមេត្តា ទី៣នេះ នឹងបានចូលរួមចំណែកមិនត្រឹមតែ សិល្បៈ និងសកម្មភាពផ្សេងៗ នៅក្នុងស្រុកនោះទេ ប៉ុន្តែទីតាំងនេះ ក៏ដើរតួនាទី ក្នុងកិច្ចសន្ទនា អន្តរវប្បធម៌ រវាងកម្ពុជា-អាល្លឺម៉ង់ ផងដែរ ។

ក្រៅពីនេះ ក៏បានលើកស្ទួយ និងចូលរួមចំណែក ពីសហគមន៍ថែមទៀតផង ។ លោក Nicolaus Mesterharm បន្តថា ផ្ទះមេត្តា មិនមែនសម្រាប់តែការបង្ហាញសិល្បៈតែមួយមុខនោះទេ ក៏ជាទីតាំងសម្រាប់ការចែករំលែកការបណ្តុះបណ្តាល ផ្សេងៗ ។

ទោះបីខ្ញុំជាអ្នកផលិតភាពយន្ត ប៉ុន្តែយើងក៏ចាប់អារម្មណ៍ទៅលើការប្រែប្រួលផ្សេងៗ ក្នុងសង្គមផងដែរ ហើយបើយើង ក្រឡេកទៅមើលអតីកាល ដ៏លំបាក របស់កម្ពុជា និងការអភិវឌ្ឍន៍ ដ៏ឆាប់រហ័ស រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ អ្នកស្រី សៅ សុភ័ក្រ្ត ជាអ្នកផលិតភាពយន្ត និងជាអ្នកគ្រប់គ្រង នៅផ្ទះមេត្តា បានអោយដឹងថា ផ្ទះមេត្តា ត្រូវបានបង្កើតឡើងរយៈពេល១២ឆ្នាំកន្លងមកហើយ ហើយជាកន្លែង ដាក់បង្ហាញសិល្បៈនាំមុខគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែយើងមានកិច្ចសហការយ៉ាងល្អជាមួយ ក្រសួងវប្បធម៌ រួមជាមួយស្ថានទូតអាល្លឺម៉ង់ ក៏ដូចជាដៃគូរជាច្រើនទៀតផងដែរ ។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានមានប្រសាសន៍ផងដែរថា ក្រោយពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម អាល្លឺម៉ង់ ក្នុងពេលដែលកម្ពុជា កំពុងជួបការលំបាក អាល្លឺម៉ង់ បានផ្តល់នូវ អាហាររូបករណ៍ ដល់ប្រជាជនកម្ពុជា អោយបានទៅរៀននៅ អាល្លឺម៉ង់ ខាងកើត ។

លោកស្រី ភឿង សកុណា ថ្លែងបន្តថា កិច្ចសហការថ្មីៗ ដោយជោគជ័យ រវាង កម្ពុជា និង អាល្លឺម៉ង់ គឺការបើកនៅ មជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ ផ្ទះមេត្តា ដោយយើងសង្ឃឹមថា នឹងមានកិច្ចសហការ បានល្អជាងនេះ រវាងប្រទេសទាំងពីរ ផងដែរ ។

គោលបំណង នៃកិច្ចសន្ទនា អន្តរវប្បធម៌ គឺបង្កើតការយល់ដឹង រួមគ្នា ការចែករំលែកចំណេះដឹង និងជួយបង្កើតនូវក្របខ័ណ្ឌការងារ ទំនាក់ទំនង ជាមួយរដ្ឋនិងរដ្ឋក៏ដូចជារដ្ឋ ជាមួយ NGo ដែលជាដៃគូរ ៕ ស តារា


ចែករំលែក៖