ខេត្តបន្ទាយមានជ័យ ៖ ក្មេងគង្វាលគោបានប្រទះសពបុរសម្នាក់ចង.ក សម្លាប់ខ្លួននៅចង្កេះភ្នំកងវ៉ា មានសភាពហើមស្អុយ ដែលហេតុការណ៍បង្កកាភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៩ ខែតុលានេះ ស្ថិតនៅចង្កេះភ្នំកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណបានឲ្យដឹងថា មានក្មេងម្នាក់ឈ្មោះ រឿង សំភួន ភេទប្រុស អាយុ១៤ឆ្នាំ បានទៅបេះផ្លែទាបទុំក៏ប្រទះឃើញសាកសពមនុស្សម្នាក់ដែលចង.ក ជាប់នឹងដើមពពួលថ្ម ដែលមានកម្ពស់ ២,៥ ម៉ែត្រ ចងដោយខ្សែអង្រឹង ។ ហើយបានរាយការណ៍មកសមត្ថកិច្ចយើង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែមង្ត ។
បើតាមសាច់ញាត្តិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រហ្ម ពុយ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិកងវ៉ាថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ បច្ចុប្បន្នស្នាក់នៅជាមួយកូនប្រុសឈ្មោះ ព្រហ្ម ប្រុស និងព្រហ្ម សំរិទ្ធ ។ ជនរងគ្រោះជាមនុស្សញៀនស្រាប្រចាំ ហើយស្នាក់នៅមិនពិតប្រាកដ ។
មុនពេលកើតហេតុ ជនរងគ្រោះតែងតែនិយាយថា ពិបាករស់នៅ ហើយមានជំងឺតេតាណោះ ប្រចាំកាយទៀតផងចង់តែសម្លាប់ខ្លួន ពេលនិយាយហើយជនរងគ្រោះក៏ដើរបាត់ពីផ្ទះ អស់រយៈពេល៤ថ្ងៃ ហើយប្រទះឃើញសាកសពចង.កតែម្ដង ។
ក្រោយពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចមក សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីបូជានៅកន្លែងកើតហេតុ ។ ជាមួយគ្នានោះលោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណក៏បានចូលរួមបុណ្យសពចំនួន២០ម៉ឺនរៀលផងដែរ ៕សំ វិច្ឆិកា