ខេត្តកំពង់ធំ៖ សមត្ថកិច្ចចម្រុះបង្ក្រាប
ជនល្មើស៣នាក់ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្ម ចូលកាប់ឆ្កាយកដីព្រៃនៅក្នុងសហគមន៍ វាលអូរក្ដី យកដីលក់អោយឈ្មួញ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់តាម៉ាន់ ភូមិ ត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ការចុះបង្រ្កាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដឹកនាំដោយលោក ថូ គឹម ហួរ នាយរងផ្នែកកំពង់ថ្ម និងលោក ឈៀង មាលា នាយសង្កាត់ក្រយា សហការជាមួយកំលាំងអាវុធហត្ថស្រុក កំលាំងនគរបាលប៉ុស្ដិ៍ក្រយា ប្រជាកាពារគណៈកម្មការសហគមន៍ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១ ឈ្មោះ វណ្ណា រិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅ ភូមិ គរ ឃុំគរ ស្រុកកោះដាច់ ខេត្តកណ្ដាល , ជនសង្ស័យទី២ ឈ្មោះ អ៊ុន អ៊ីម ភេទប្រុស អាយុ ៤៧(ជាប្ដី) , ជនសង្ស័យ ទី៣ឈ្មោះ ផាត ង៉ាន ភេទស្រី អាយុ ៤៤ឆ្នាំ(ជាប្រពន្ធ) ជនសង្ស័យទាំង២នាក់រស់នៅក្នុងភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចជំនាញបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ ជាប់ចោតពីបទ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ន្ធកាន់កាប់ដីព្រៃជាក់ស្ដែងប្រមាណ២ហិចតា។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបាន៣រូប បញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មកំពុងសួរនាំ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ ៕ ប៊ុនរិទ្ធី