ព័ត៌មានទាន់ហេតុការណ៍៖

បានសើមមាត់ទើបមិនបង្ក្រាប ? បទល្មើសព្រៃឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឈ្មួញ២នាក់ប្តីប្រពន្ធរកស៊ីប្រមូលទិញឈើអារខុសច្បាប់ពីក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ពួកគេបានបង់លុយអោយជំនាញ និងសមត្ថកិច្ចគ្រប់កន្លែង ដោយក្នុងមួយកន្លែងៗ១៥ម៉ឺនរៀល ដើម្បីដឹកឈើអាររួច១គោយន្តមានប្រមាណ១០ម៉ែត្រគូប ចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់យកទៅលក់បន្តអោយម៉ូយរបស់ពួកគេ។

ប៉ុន្តែចម្លែកអ្វី ដោយសារតែមានអ្នកប្រាប់អោយគាត់ ថា អាចដឹកឈើខុសច្បាប់ចេញពីដែនជម្រកសត្វព្រៃបានមិនអីទេ ទើបគាត់ហ៊ានដឹកចេញមកទាំងថ្ងៃ ហើយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់តែម្តង។

នៅចំពោះមុខនគរបាលស្រុកទឹកផុស ស្ត្រីឈ្មោះ មាន ចាន់ណា ជាអ្នកចាំប្រមូលទិញឈើអារខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានឆ្លើយបំភ្លឺប្រាប់ថា កន្លងមកគាត់ និងប្តីបានរកស៊ីទិញឈើអាររួចពីអ្នកឡើងទៅអារឈើនៅលើភ្នំឱរ៉ាល់ យកមកលក់បន្ត។

ពេលគាត់និងប្តី ដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិកោះខ្ទម្ព ឃុំជៀប មកម្តងៗ ពួកគាត់បានបង់អោយមេព្រៃ ប៉ូលិសសេដ្ឋកិច្ច ប៉េអឹមស្រុក សមត្ថកិច្ចដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់,និងបង់អោយអ្នកកាសែត ក្នុង១អង្គភាពចំនួន១៥ម៉ឺនរៀលក្នុងឈើ១គោយន្ត ទើបគេសុខចិត្តអោយដឹកចេញឆ្លងកាត់។

នៅម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែតុលា មានមេព្រៃម្នាក់បានជិះម៉ូតូទៅយកលុយពីគាត់ចំនួន១៤ម៉ឺនរៀលផងដែរ តែមិនបាន១ម៉ោងផងសមត្ថកិច្ចក៏ចុះមកចាប់ឈើគាត់តែម្តង។

ស្ត្រីឈ្មោះ មាន ចាន់ណា បានបញ្ជាក់បន្តថា ចំពោះអ្នកឡើងទៅកាប់ និងអារឈើនៅលើភ្នំឱរ៉ាល់ ឬ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺកម្លាំងការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានតម្រូវអោយអ្នកឡើងទៅកាប់ និងអារឈើបង់លុយអោយពួកគេ២០ម៉ឺនរៀលក្នុងប្រេងសាំង១កានស្មើ៣០លីត្រ)និងរណាង៉ោង១ក៏បង់២០ម៉ឺនរៀលដែរ ហើយក្នុង១ថ្ងៃៗមានអ្នកឡើងចូលទៅកាប់ និងអារឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រាប់សិបនាក់។ នៅពេលអារឈើបាន ដឹកចុះពីភ្នំមកវិញគេត្រូវអ្នកដឹកឈើចុះពីភ្នំចំនួន២ម៉ឺនរៀលក្នុង១គោយន្តបន្ថែមទៀត។

ទាក់ទងនឹងរឿងនេះ ខាងប៉ូលិសសេដ្ឋកិច្ចខេត្ត និងប៉េអឹមស្រុកទឹកផុសបានបដិសេធមិនដែលពាក់ព័ន្ធក្នុងរឿងដឹកបទល្មើសផលអនុផលព្រៃឈើខុសច្បាប់ចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះទេ។ ដោយឡែកអ្នកកាសែតដែលថា បានទទួលបានលុយ១៥ម៉ឺនរៀលក្នុង១គោយន្តនោះ ក៏ខាងឈ្មួញដឹកឈើទាំង២នាក់ប្តីប្រពន្ធមិនបានប្រាប់អង្គភាពណាមួយដែរ។

លោក សែន សុវណ្ណ ជាប្រធានគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៅចំណុចកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស មិនអាចទាក់ទងសុំការបំភ្លឺបានឡើយ ដោយសារលេខទូរស័ព្ទលោកពុំអាចទំនាក់ទំនងបាន។

ចំណែកលោក សំ ឫទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស ស្រុកទឹកផុស បានបញ្ជាក់ថា ការចោទថា ខាងសមត្ថកិច្ចរដ្ឋបាលព្រៃឈើរមាសបានទទួលលុយ១៥ម៉ឺនរៀលក្នុង១គោយន្តពីពួកគាត់ជាថ្នូនឹងការដឹកឈើនោះ គឺជារឿងមិនពិតឡើយ។

លោកបន្តថា ឈើអារទាំងអស់នោះ ពិតជាឈើដែលពួកជនល្មើសអារ និងកាប់យកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះតែម្តង ព្រោះថាមកដល់ពេលនេះ ខាងព្រៃឈើអត់មានព្រៃឈើណាអោយជនល្មើសកាប់ទៀតឡើយ ព្រោះនៅតែដីទទេ ហើយដីទាំងនោះកំពុងក្លាយជាដីកម្មសិទ្ធិឯកជនអស់ទៀត។

ចំណែកឈើដែលខាងមេព្រៃលោកចាប់ក្នុងថ្ងៃនេះ គឺមានប្រមាណ១០ម៉ែត្រគូប ហើយលោកកំពុងអនុវត្តតាមមាត្រាទី៩៦ នៃច្បាប់ស្តីព្រៃឈើ គឺទុករយៈពេល១ខែអោយឈ្មួញដឹកផលអនុផលព្រៃឈើខុសច្បាប់នោះ ចូលខ្លួនមកបង់ពិន័យតាមច្បាប់ បើមិនចូលខ្លួនបង់ពិន័យហួសរយៈពេល១ខែនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង។

បញ្ហាយកលុយជាថ្នូរនឹងការអនុញាតអោយឡើងទៅកាប់ និងអារឈើនៅលើភ្នំឱរ៉ាល់ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាននោះ បានកើតឡើងជាយូរយារណាស់មកហើយដោយមិនទាន់មានចំណាត់ការណាមួយទៅលើសមត្ថកិច្ចការពារដែនជម្រកសត្វព្រៃទាំងនោះឡើយ។

លើសពីនេះក៏មានបទល្មើសទន្ទ្រានឈូសឆាយកាន់កាប់ដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ពីក្រុមឈ្មួញរាប់រយហិកតាផងដែរ នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៃខេត្តកំពង់ឆ្នាំង៕ ចេស្តា

 


ចែករំលែក៖