ភ្នំពេញ៖ ពិតជាគួរឲ្យសរសើរអំពីការច្នៃប្រឌិតថ្មីប្លែករបស់កូនខ្មែរក្នុងឈុតសម្លៀកបំពាក់បុរាណមួយ ដែលគ្រងដោយកញ្ញា ដេត ស្រីនាឌ គឺ ដែលទើបតែទទួលបានតំណែង Miss Grand Cambodia 2019 ។ នាងក៏នឹងតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងវិធី Miss Grand International 2019 នៅប្រទេសវេណេស៊ុយអេឡានៅចុងឆ្នាំនេះ។
ក្រោយទទួលបានជ័យលាភី និងគ្រងម្កុដ Miss Grand Cambodia ដេត ស្រីនាឌ ដែលមានវ័យទើបតែ ១៨ ឆ្នាំរូបនេះ បានសាយភាយកេរ្តិ៍ឈ្មោះល្បីឡើងជាលំដាប់ និង បានធ្វើឱ្យមហាជនដែលនិយមគាំទ្របវរកញ្ញាកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែរូបសម្រស់ដ៏ស្រស់សោភា សមត្ថភាព និង ចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់នាង ។ កាន់តែភ្ញាក់ផ្អើលក្រោយពីនាងបានគ្រងសម្លៀកបំពាក់ឆ្នៃថ្មីដោយសម្អាងការមួយនៅភ្នំពេញ។ នាងពិតជាស្រស់សោភាទ្វេឡើងជាមួយនឹងគ្រឿងអលង្ការលម្អពេញខ្លួនដូចស្រីអប្សរសួគាក្នុងរឿងទេវនិទាន។ មានអ្នកគាំទ្រនាងជាច្រើនគិតថានេះក៏អាចជាឈុតតំណាងជាតិសម្រាប់នាងបង្អួតសម្រស់លើឆាកអន្តរជាតិបានដែរ ព្រោះតែបានបង្កប់ដោយអត្ថន័យស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ សិល្បៈវប្បធម៌ជាតិនៅក្នុងនោះផងដែរ។
គួរបញ្ជាក់ដែរថា ដេត ស្រីនាឌ វ័យ១៨ឆ្នាំ មានមុខមាត់ និងរូបរាងស្រស់សោភា គឺជានិស្សិត និងជាគ្រួបង្រៀនភាសាអង់គ្លេស បានជាប់ជ័យលាភីលើការប្រកួតកាលពីដើមខែកញ្ញា ហើយនាងនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំនៅប្រទេសវេណេស៊ុយអេឡានៅចុងឆ្នាំនេះ៕ វឌ្ឍនា