ខេត្តឧត្តរមានជយ័៖ លោកឧត្តមសេនីយ៍ទោ ឈុំ ខេងមេបញ្ជាការកងពលតូចអន្តរគមន៍លេខ៦ បានប្រកាសថា ទាហានទាំងអស់ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ប្តេជ្ញាក្នុងការទប់ទល់ជាមួយពួកក្បត់ជាតិទាំងក្រៅស្រុក និងក្នុងស្រុក ហើយប្រកាសទៀតថា ឲ្យតែមានការបះបោរ ធ្វើបដិវត្តពណ៌ ចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលគឺត្រូវតែកម្ទេចចោល។
ការប្រកាសរបស់លោកឧត្តមសេនីយ៍ទោមេបញ្ជាការកងពល បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញចុះត្រួតពិនិត្យមើលសកម្មភាពហ្វឹកហាត់ក្បាច់គុនកងយោធពលខេមរះភូមិន្ទនៅក្នុងទីបញ្ជាការកងពល។
លោកឧត្តមេសនីយ៍ទោ ឈុំ ខេង បានដាក់ចេញបទបញ្ជាដល់កងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ទប់ទល់នឹងសភាពការណ៍ ដែលបានកើតឡើងជាយថាហេតុ ពិសេសគឺត្រូវគោរពបទបញ្ជា រង់ចាំបទបញ្ជា និងអនុវត្តន៍បទបញ្ជាឲ្យបានដាច់ខាត។
លោកបញ្ជាក់ថា៖ «ត្រូវទប់ទល់ជាមួយពួកក្បត់ជាតិទាំងក្រៅស្រុក និងក្នុងស្រុក ឲ្យតែមានការបះបោរ ធ្វើបដិវត្តន៍ណាមួយ គឺត្រូវតែកម្ទេចចោល»។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោឈុំ ខេង ក៏បានណែនាំដល់នាយនិងពលទាហានទាំងអស់ ត្រូវខិតខំហ្វឹកហាត់ក្បាច់គុនកងយោធពលខេមរះភូមិន្ទអោយបានល្អ បើមិនចេះ១០ទៅ២០កត្តាក៏យើងបានចេះខ្លះ ដើម្បីជាទុនមួយយកទៅបំពេញការងារផ្សេងៗ ក៏ដូចជាទុកសម្រាប់ការពារខ្លួននិងជួយពង្រឹងសុភាពរបស់យើងដែរ៕