ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង១និង៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដោយមានការដឹកនាំផ្ទាល់ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិន ចាត់ឲ្យលោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់ មួយកន្លែងស្ថិតនៅចំណុចផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ដែលមករស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រីចំនួន៦នាក់ ស្រី៤នាក់៖ ១-ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម, ២-ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម, ៣-ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម, ៤-ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម, ៥-ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូពេទ្យ ជនជាតិថៃ និង៦-ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងករណីនេះកម្លាំងជំនាញបានធ្វើការឆែកឆេរឃើញស្រោមអនាម័យមួយចំនួននៅក្នុងកាបូបដៃជនសង្ស័យ និងស្រោមអនាម័យដែលប្រើប្រាស់រួចនៅក្នុងធុញសំរាមសរុបចំនួន១០ស្រោម ។
ករណីខាងលើទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន បានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕ សសារ៉េត