ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតកាណាដា និងបញ្ជាក់អំពីជំហរកម្ពុជា​ ក្នុងការគាំទ្រ​ កាណាដា​ ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកជំទាវ Domica Pottie ឯកអគ្គរដ្ឋទូតកាណាដា ដែលចប់អណត្តិ ដែលបានបញ្ចប់អាណត្តិបេសកម្មការទូតរបស់លោកជំទាវនៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនោះ លោកជំទាវបានសំដែងនូវក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយនឹងសម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោកជំទាវបានមានប្រសាសន៍ថា លោកជំទាវបានមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា២អាណត្តិហើយគឺអណត្តិទី១ គឺពី ២០០៤-២០០៧ និងអណត្តិទី២ ពី ២០១៦-២០១៩។ លោកជំទាវបានមានប្រសាសន៍ថាកម្ពុជា និងកាណាដាមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ ហើយក៏បានចូលរួមក្នុងកិច្ចការជាច្រើនជាមួយប្រទេសកម្ពុជាផងដែរ។ លោកជំទាវ ក៏បានសម្ដែងការពេញចិត្ត និងបានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី។ លោកជំទាវក៏មានការពេញចិត្តផងដែរសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាកាណាដា។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា
កាលណាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា ក្នុងនោះប្រទេសកាណាដាក៏បានចូលរួមក្នុងវិស័យសំខាន់ៗផងដែរ ដូចជាការវិនិយោគ ពាណិជ្ជកម្ម ការបោសសំអាតមីនវិស័យធនាគារ និងអប់រំជាដើម។ សម្រាប់ទំហំពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជាវិញជាង១ពាន់លានដុល្លារ ហើយផលិតផលរបស់កម្ពុជាដែលនាំចេញទៅកាន់ប្រទេសកាណាដាច្រើននោះគឺសម្លៀកបំពាក់។ ត្រង់ចំនុចនេះ លោកជំទាវក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលបម្រើការងារលើវិស័យវឧស្សាហកម្មនេះ។
ជាពិសេសការផ្ដល់នូវតម្រូវការសំខាន់ដល់កម្មករដូចជា ការគិតគូរពីកន្លែងធ្វើការ ប្រាក់ខែ និងរបបគាំពារសង្គមជាដើមជាពិសេសស្ត្រីដែលមានផ្ទៃពោះនោះ។ ដែលចំណុចនេះធ្វើឲ្យលោកជំទាវក៏ដូចជាប្រទេសកាណាដាកាន់តែមានជំនឿទុកចិត្តមកលើប្រទេសកម្ពុជា ជាពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

នៅក្នុងឱកាសនោះផង ដែរលោកជំទាវក៏បានកោតសរសើរប្រទេសកម្ពុជាដែលទាក់ទងទៅនឹងការបង្កើនកងកម្លាំងថែរក្សាសន្តិភាព មួកខៀវទៅកាន់បណ្ដាប្រទេសផ្សេងៗដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពទៅកាន់បណ្ដាប្រទេសផ្សេងៗ ជាពិសេសចំនួនស្ត្រីដែលបានទៅចូលរួមនៅក្នុងកងកម្លាំងមួកខៀវថែរក្សាសន្តិភាពនោះ។ សម្ដេចក៏បានមានប្រសាសន៍ថាកាលពីមុនយើងទទួលកងកម្លាំងមួកខៀវពីប្រទេសក្រៅក៏ប៉ុន្តែឥឡូវនេះយើងបញ្ជូនមួកខៀវបញ្ជូនកងកម្លាំងមួកខៀវថែរក្សាសន្តិភាពទៅកាន់បណ្ដាលប្រទេសផ្សេងៗ នេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។ សម្ដេចក៏បានអរគុណដល់លោកជំទាវដែលតែងតែឲ្យតម្លៃសម្រាប់ប្រទេសកម្ពុជា និងបានមើលឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ។

លោកជំទាវបានមានប្រសាសន៍ទៀតថា ថ្មីៗនេះយើងបានចុះហត្ថលេខាជាមួយគ្នា ទាក់ទងវិស័យអប់រំជាមួយ នឹងមហាវិទ្យាល័យ ផារ៉ាហ្គន ដើម្បីបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសកាណាដា​ ហេីយលោកជំទាវនឹងខិតខំដើម្បីឱ្យមានអាហារូបករណ៍បន្ថែមទៀតសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។

ទាក់ទងទៅនឹងទំនាក់ទំនងនៅលើវេទិកាអន្តរជាតិវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថានឹងគាំទ្របេក្ខភាពរបស់កាណាដាជាសមាជិកមិនអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២១-២០២២ ដែលនឹងបោះឆ្នោតនៅក្នុងឆ្នាំ២០២០ ខាងមុខ៕


ចែករំលែក៖