ភ្នំពេញ៖ បុរសម្នាក់ ដោយសារតែឥទ្ធិពលគ្រឿងញៀន បានធ្វើឲ្យបុរសម្នាក់បាត់បង់ស្មារតីរហូតប្រើដាវកែច្នៃមួយដើម ធ្វើសកម្មភាពដេញកាប់ប្រជាពលរដ្ឋក្នុងភូមិ បណ្ដាលឲ្យយុវជនម្នាក់រងរបួស កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ តែម ស្រស់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខផ្លូវបេតុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ហេង ឥណ្ឌា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើកបររថយន្ត។ វត្ថុតាងចាប់យក ៖ ដាវកែច្នៃចំនួន ០១ ដើម (ជារបស់ជនសង្ស័យ) ។
យោងតាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេនិងមិត្តភក្ដិ២នាក់ទៀត បានទៅជប់លៀងកម្មវីធី ខួបកំណើត ប្រពន្ធមិត្តភក្តម្នាក់ទៀត លុះជិតចប់កម្មវិធី ខ្លួនក៏បានជិះម៉ូតូមួយគ្រឿង ម៉ាកសុយហ្ស៊ីយគីវីវា (Suzuki Viva) ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FN-8367 ជូនមិត្តភ័ក្ត២នាក់ទៀត ត្រលប់មកផ្ទះវិញ នៅម្ដុំបឹងត្របែក ។ លុះជូនដល់ផ្ទះហើយ ក៏បានជិះចេញមកវិញម្នាក់ឯងប្រហែលចម្ងាយ៤០០ម៉ែត្រ ស្រាប់តែលេចមុខជនសង្ស័យខាងលើ ប្រដាប់ដោយដាវកែច្នៃមួយដើម ស្ទុះរត់ចេញមកដេញកាក់ផ្លូវម៉ូតូរបស់ខ្លួន រួចធ្វើសកម្មភាពកាប់ប្រហារចំនួន១ដាវ ចំកញ្ចឹងក ខាងឆ្វេង បណ្ដាលឲ្យរងរបួសស្នាមដាវ ភ្លាមនោះរូបគេភ័យខ្លាំងពេកក៏លោតចុះពីលើម៉ូតូនិងស្រែកឆោឡោ ផ្អើលអ្នកភូមិចេញមកជួយធ្វើអន្តរាគមន៍ផងដែរ ។
ក្នុងហេតុការណ៍នោះដែរ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលកងអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយ កម្លាំងប៉ុស្តិ៍ចាក់អង្រែលើ ធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងដាវសាម៉ូរ៉ៃ កែច្នៃមួយដើម រួមនិងសម្ភារៈប្រើប្រាស់គ្រឿងញៀននៅពេញផ្ទះរបស់ជនសង្ស័យផងដែរ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ តែម ស្រស់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕ភារ៉ា ដង្កោ