ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនចោរឆក់កាបូបស្ពាយពីបុរសម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ បន្ទាប់ពីកម្លាំងជំនាញសាកសួរបញ្ចប់នីតិវិធី ។
យោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចបញ្ជូនទៅតុលាការនេះ ទី១-ឈ្មោះ ជា ចាន់ណារ៉ូ ហៅ រ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ភូមិអំពិល ឃុំខ្នាស់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ និងទី២-ឈ្មោះ សុខ ចណ្ធី ហៅ អាធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ សង្កាត់គីឡូត៍ម៉ែត្រលេខ៦ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ ក្រោយពីពួកគេបានប្រព្រឹត្តសកម្មភាពកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទីព្រឹក នៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម ទី៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន៖-ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៌ទឹកប៊ិច ស៊េរី 2018 ពាក់ស្លាកលេខ ភ្នំពេញ 1HW- 8120 មានលេខតួនិងលេខម៉ាស៊ីន: 751898 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) ចាប់យកពីឈ្មោះ សុខ ចណ្ធី និងកាបូបស្ពាយពណ៌ស្ល៊ែរចំនួន០១ ក្នុងនោះមានទូរស័ព្ទចំនួន០២គ្រឿងម៉ាក I Phone 6 មួយគ្រឿង និងម៉ាក HUWEI មួយគ្រឿង ស៊ីមលេខ 012 364 777 ចាប់យកពីឈ្មោះ ជា ចាន់ណារ៉ូ ហៅ រ៉ូ (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់យក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក កុល បុន ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ៕ស តារា