ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវជិត១០០នាក់ចូលហូបការកំលោះវ័យ៤០ឆ្នាំជាង រីឯកូនក្រមុំវ័យ៧២ឆ្នាំ នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កូនកំលោះវ័យ៤០ឆ្នាំបានដឹកដៃកូនក្រមុំវ័យជាង៧០ឆ្នាំចូលរោងការ បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកស្វាយទាប កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទួលអង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

តាមកូនកំលោះឈ្មោះ អ៊ុង វន្ថា អាយុ៤៨ឆ្នាំមានទីលំនៅភូមិ ប្រាសាក់ ឃុំ ប្រាសាក់ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងថា រូបគាត់ឃើញ និងស្គាល់ចិត្តគ្នាជាមួយក្រមុំដែលជាស្ត្រីមេម៉ាយកូន២នាក់ឈ្មោះ កើត ឡាត អាយុ ៧២ឆ្នាំរស់នៅភូមិ ទួលអង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង តាំងពីមុនបុណ្យភ្ជុំពោលគឺជាងមួយខែមកហើយរហូតមកដល់ថ្ងៃនេះបានសម្រេចចិត្តចូលរោងការតែម្តង ដោយមិនគិតថាកូនក្រមុំក្រ ឬមានអ្វីនោះទេ ហើយបើមើលពីជីវភាពខាងស្រី ក៏មិនមានទ្រព្យធនអ្វីនោះដែរ គឺស្រឡាញ់ចិត្ត និងចិត្តហើយ ។

ដើមហេតុធ្វើពួកគាត់ស្គាល់គ្នានោះ ដោយសារតែកូនកំលោះមកលេងនៅក្នុងភូមិនេះ (ផ្ទះមិត្តភក្តិ) ហើយពេលទៅសួរសុខសាច់ញាតិឆ្លងទន្លេនៅមន្ទីរ ហើយក៏ឃើញគ្នាចាប់ចិត្តគ្នារហូតដល់ខាងប្រុសសារភាពសុំស្នេហ៍ពីកូនក្រមុំរហូតដល់កូនក្រមុំទាន់ចិត្ត និងព្រមព្រៀងគ្នាមានចាស់ទុំទាំងសងខាងដោយចូលស្តីដណ្តឹង និងរើសយកថ្ងៃល្អចូលការតែម្តង ។

ប្រភពបានប្រាប់ទៀតថា កាលដែលពួកគាត់ព្រមស្រឡាញ់គ្នានោះក៏មានកូនៗជំទាស់ ប៉ុន្តែមិនអាចបំបែកស្នេហាអ្នកទាំងពីរបានឡើយ ព្រោះពួកគាត់យល់ចិត្តគ្នាទៅហើយ មានតែបណ្តោយតាមព្រេងវាសនាទៅចោះ ។

កូនកំលោះបានបញ្ជាក់ថា រូបគាត់ព្រមស្រឡាញ់គ្នាជាមួយកូនក្រមុំដោយសារក្តីស្រឡាញ់ និងអាណិតមិនគិតចាស់ក្មេងមានក្រនោះឡើយ សំខាន់ចេះស្រឡាញ់មើលថែគ្នារហូតដល់ចាស់កោងខ្នងរៀងៗខ្លួន ។

បើទោះបីជាវ័យខុសជាងពាក់កណ្តាលអាយុយ៉ាងណាក៏ដោយ អ្នកទាំងពីរព្រមដឹកដៃគ្នាចូលរោងការដោយមានចាស់ក្មេងចូលរួមអបអរសាទរក្នុងពិធីការនេះជិត១០០នាក់យ៉ាងសប្បាយរីករាយផងដែរ ៕ យឹម សុថាន


ចែករំលែក៖