ព័ត៌មានទាន់ហេតុការណ៍៖

ដាច់ជណ្តើរយន្តកំពុងសាងសង់នៅក្នុងខុនដូរមួយកន្លែងបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរស៣នាក់បានស្លាប់នៅក្នុងករដ្ឋានសំណង់ខុនដូរមួយកន្លែងកំពុងសាងសង់ ខណៈពួកគាត់ទាំងបីនាក់កំពុងតំឡើងជណ្ដើរយន្តរួចហើយបាក់ធ្លាក់មកក្រោម ។

ក្នុងហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលម៉ោង៨យប់ថ្ងៃអាទិត្យ ទី១៣ ខែតុលាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦៥ ក្នុងការដ្ឋានមួយកន្លែងកំពុងសាងសង ក្បែរសណ្ឋាគាហូលីដេ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា សពជនរងគ្រោះទី១ ឈ្មោះ សុខ សម្បត្តិ អាយុ២១ឆ្នាំ មុខរបរជាងជណ្ដើរយន្ត ស្នាក់ក្នុងការដ្ឋាន និងមានស្រុកកំណើតក្នុងភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។ សពរងគ្រោះទី២ មានឈ្មោះ យ៉ែម ទីន អាយុ៣៥ឆ្នាំ មុខរបរជាងតំឡើងជណ្ដើរយន្តស្នាក់ក្នុងការដ្ឋានមានស្រុកកំនើតភូមិទន្លេរស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរខេត្តកំពង់ចាម ។ សពរងគ្រោះទី៣ឈ្មោះធីម ធីរ៉ង អាយុ៣១ឆ្នាំ មុខរបរជាង តំឡើងជណ្ដើរ យន្តមានស្រុកកំនើតត្រពាងបី ឃុំបារាយ ។

បើតាមសម្តីកម្មករម្នាក់ដែលស្គាល់ជនរងគ្រោះទាំងបីនាក់បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់បានតំឡើងជណ្ដើរយន្តតែបានបាត់ពួយគាត់មិនឃើញតាំងពីយប់ថ្ងៃទី១២មកម្លេះ ហើយក៏មិនដឹងថាបាក់រន្ទាដែរពួកគាត់តំឡើងជណ្ដើរយន្តតាំងពីម៉ោងប៉ុន្មាននោះទេ ទើបតែមានការភ្ញាក់ផ្អើលនៅម៉ោង៨យប់ដោយពួកគាត់បានគាស់សង្ក័សីដែលបាំងជណ្ដើរយន្តស្រាប់តែឃើញជើងបុរសម្នាក់ឡើងលើក្បាលកប់ទៅដីលិចបាត់ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យបឋម និងធ្វើកំណត់ហេតុជនរងគ្រោះ ។

បន្ទាប់មកសមត្ថកិច្ចជំនាញបានមកធ្វើការកាយយកសពជនរងគ្រោះមកធ្វើកំណត់ហេតុ និងធ្វើកាសល្យវិឆ្ឆ័យរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណ៕ជ្រោយពេជ្រ


ចែករំលែក៖