ភ្នំពេញ៖ ការបញ្ចេញរូបថតសិចស៊ីក្នុងអាងហែលទឹក របស់ កញ្ញាឯកMiss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា និង ម្ចាស់ជ័យលាភីKhmer top model កញ្ញា ចាន់ គង្កាបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ។ ទីបំផុតបទចម្រៀងបទ ត្រគាកធំ ដែលតារាស្រីស្រស់សោភាជាច្រើនចូលរួមសម្តែងនោះបានចេញជាMVហើយ ។
បទចម្រៀងថ្មីរបស់ លោក ពេជ្រ យ៉ាណូ ក្នុងបទ ត្រគាកធំ បានចេញផលិតកាលពីអំឡុងខែកញ្ញានោះបានបញ្ចប់ការផលិតទាំងស្រុងហើយ ហើយពិតជាទាក់ទាញទាំងទឹកដមសំនៀង និងការសម្តែងដ៏រស់រវើក ។
បទចម្រៀងថ្មី ខាងលើចាប់ផ្តើមផលិតហើយបន្ទាប់ពីសម្រិតសម្រាំងបទភ្លេង និងទំនុកច្រៀងយ៉ាងផ្ចិតផ្ចង់ ។ អ្វីដែលពិសេសលើសពីក្បាច់រាំនោះ នៅមានការចូលរួមរាំ និងសម្តែងពីសំណាក់តារាស្រីល្បីឈ្មោះ អមដោយឈុតសិចស៊ី ។ ខ្លឹម ស្រីគា បញ្ជាក់ថា នាងពិតជាទើបនឹងបញ្ចប់ការថតបទចម្រៀងមួយនេះមែន នាងទទួលស្គាល់ថាមានឈុតសិចស៊ីមួយចំនួនប៉ុន្តែមិនជ្រុលហួសហេតុដែលនាំឲ្យមានការរិះគន់ទេ ។ នាងថា ពិតជាសប្បាយចិត្តដែលបានរួមការងារជាមួយសិល្បករផលិតករប្រុសស្រីល្បីឈ្មោះ ដែលនាងរំពឹងថាបទមួយនេះនឹងពេញចិត្ត និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន នៅពេលដែលចេញជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ ។
តារាស្រីរូបនេះលើកឡើងថាឈុតវាលពេកក៏ពិបាកនឹងស្លៀកដែរព្រោះពេលនេះនាងកំពុងតែឡើងគីឡូខ្លាំងរហូតដល់គេភ្លាត់មាត់គ្រប់គ្នា ប៉ុន្តែនាងនឹងមិនបណ្តោយខ្លួនឲ្យធាត់ជានេះបានទេ ។ តារាស្រីរូបនេះលើកឡើងដែរថាក្រៅពីការសម្តែងក្នុងបទចម្រៀងមួយនេះនាង ក៏គ្រោងនឹងបញ្ចេញស្នាដៃសិល្បៈថ្មីៗបន្តទៀតក្នុងពេលដ៏ខ្លីខាងមុខ ។
គួរបញ្ជាក់ដែរថា ពេជ្រ យ៉ាណូ គឺជាតារាច្រៀងបែបយុវវ័យដែលធ្លាប់បង្ហើសំនៀងតាមរយៈការនិពន្ធបទចម្រៀងថ្មីជាបន្តបន្ទាប់ ។ មានបទមួយចំនួនដែលតារាប្រុសរូបនេះទទួលបាការចាប់អារម្មណ៍នោះគឺបទ បិសាចមនុស្ស និងបទ ជិវិតយុវវ័យ តារាប្រុសរូបនេះថា នឹងត្រៀមបញ្ចេញបទចម្រៀងថ្មីបន្ថែមទៀតដើម្បីបម្រើការកម្សាន្តរបស់អ្នកគាំទ្រ ៕ វឌ្ឍនា