ស្ថានភាពផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកំពតរងការខូចខាតជាបន្តបន្ទាប់ ហើយគេឃើញក្រុមមន្ត្រី នៃមន្ទីរសាធារណការខេត្តចុះជួសជុលជាច្រើនកន្លែងនោះដែរ ប៉ុន្តែគេគ្រាន់តែធ្វើដើម្បីធ្វើរបាយការណ៍ជូនថ្នាក់លើដោយមិនគិតអំពីគុណភាពផ្លូវនោះឡើយ ។ ក្រៅពីនោះ ផ្លូវប្រវែងជាង១គីឡូម៉ែត្រឆ្ពោះទៅរមណីយដ្ឋានទឹកឈូរ ក៏ចំណាយពេលជួសជុលយូរណាស់មកហើយ មិនឃើញរួចរាល់នៅឡើយ ។ ស្ថានភាពបែបនេះ គឹបង្កប់ឲ្យមានអំពើពុករលួយយ៉ាងខ្លាំងក្លា ដែលចាំបាច់ក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវត្រួតពិនិត្យ ។ ក្រុមមន្ត្រីនិយាយថា លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ជីញ គួង ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខសាន្ត តាមរយៈការចាក់លុបៗ រោយម្ស៉ៅតិចៗ យកលុយបានស្រួល ។
ប្រភពបានឲ្យដឹងថា ផ្លូវជាតិលេខ៣៣ A ឆ្លងកាត់ស្រុកទឹកឈូរ ក៏ដូចជាផ្លូវជាតិលេខ៣ ឃើញតែមានក្រុមមន្ត្រីសាធារណការខេត្តចុះជួសជុលជាញឹកញាប់ ។ គេឃើញស្លាកសញ្ញានៃការជួសជុលផ្លូវ មានជាហូរហែនៅតាមផ្លូវជាតិលេខ៣ ក៏ដូចជាផ្លូវជាតិលេខ៣៣ A ។ ប៉ុន្តែវាគ្រាន់តែជារូបភាពដាក់ឲ្យឃើញស្លាកសញ្ញា តែប៉ុណ្ណោះ ដើម្បីបង្ហាញឲ្យថ្នាក់ដឹកនាំក្រសួងឃើញថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតថែទាំ និងជួសជុលផ្លូវជារៀងរាល់ថ្ងៃ ។ ប៉ុន្តែជាការពិត គឺគ្រាន់តែចាក់កម្ទេចថ្មមួយបង្កី ឬពីរបង្កី ទៅលើជង្ហុកតូចៗហើយនាំគ្នាដើរចេញវិញ ។ នៅពេលដែលក្រុមមន្ត្រីជួសជុលផ្លុវដើរចេញវិញ ផ្លូវនោះក៏ខូចទៅវិញដដែល ពោលគឺកម្ទេចថ្មនោះហុយតាមកង់រថយន្តបណ្តាលឲ្យផ្លូវខូចវិញដដែលភ្លាមៗនោះ ។ ក្រុមមន្ត្រីនៃមន្ទីរសាធារណការខេត្តកំពតនិយាយថា ចេះតែធ្វើទៅ ធ្វើម៉េចបើមេបញ្ជាទៅហើយនោះ ។ រីឯលោកប្រធានមន្ទីរ ក៏មិនប្រាថ្នាចង់ធ្វើផ្លូវឲ្យជាប់លាប់អ្វីនោះដែរ ប៉ុន្តែយ៉ាងណាក៏ដោយ ត្រូវបង្ហាញរូបភាពថា ខ្លួនបានជួសជុលថែទាំផ្លូវនោះមិនដែលខកខានឡើយ ។
បើតាមក្រុមមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតនិយាយថា មន្ត្រីនៅក្នុងមន្ទីររាប់ទាំងកម្មករផងត្រូវបានបញ្ចេញឲ្យនាំគ្នាទៅសែងកម្ទេចថ្មល្អិតៗចាក់តាមផ្លូវ ដែលមានជង្ហុក ឬខូចខាតតិចតួច ។ ថ្នាក់ដឹកនាំក្រសួងមុខជាមើលឃើញថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតសកម្មខ្លាំងណាស់ ។ ប៉ុន្តែការពិតវាគ្រាន់តែបង្ហាញរូបភាពដើម្បីបិទបាំង ឬទាញយកផលប្រយោជន៍តែប៉ុណ្ណោះ ។ នេះហើយដែលគេហៅថា អំពើពុករលួយនៅក្នុងការដឹកនាំ ។ ករណីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនជាពិសេសលោកស៊ុន ចាន់ថុល ត្រូវមើលរបៀបដឹកនាំលាយឡំដោយអំពើពុករលួយរបស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតនោះផង ។ ប្រធានមន្ទីរសាធារណការជាច្រើនត្រូវបានដោះដូរ ព្រោះតែអសកម្ម និងពុកររលួយ ចុះប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ពុករលួយដូចគ្នា ហេតុអ្វីក៏ក្រសួងមិនដោះដូរទៅ ៕