ខ្សឹបដាក់ត្រចៀក៖ អ្នកនេសាទនៅខេត្តសៀមរាបសម្រុកមកប្រព្រឹត្តល្មើសនៅខេត្តកំពង់ធំ
ប៉ុន្មានថ្ងៃនេះ អ្នកនេសាទនៅខេត្តសៀមរាបបានសម្រុកមកប្រព្រឹត្តបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេសក្នុងដែនសមត្ថកិច្ចលោក គូ ប៊ុនទឹង នាយផ្នែករដ្ឋបាលជលផលត្រួត៥ស្រុកក្នុងខេត្តកំពង់ធំ ។ លោក គូ ប៊ុនទឹង ត្រូវគេអះអាងថា ជាអ្នកដែលបានឃុបឃិតជាមួយអ្នកនេសាទខុសច្បាប់ដើម្បីស្វែងរកផលប្រយោជន៍ សម្រាប់ប្រធានមន្ទីរកសិកម្ម ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ ។ អាជ្ញាធរខេត្តកំពង់ធំ បានប្រកាសចាត់វិធានការឲ្យសមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសនេសាទឲ្យបានខ្លាំងក្លា ។ ប៉ុន្តែការប្រកាសនោះហាក់ដូចជាផ្តល់ឱកាសឲ្យមន្ត្រីជលផលឈ្មោះ គូ ប៊ុនទឹង ទាញដាវកាប់អ្នកនេសាទល្មើសច្បាប់យកប្រាក់ស្រួលៗទៅវិញ ។
គេរាយការណ៍ថា កាលពីប៉ុន្មានថ្ងៃមុន អ្នកនេសាទល្មើសច្បាប់ ដែលមិនបង់ប្រាក់ឲ្យលោកគូ ប៊ុនទឹង ត្រូវបានពួកមន្ត្រីជលផលចុះបង្ក្រាប កាប់កម្ទេច អួន ស្បៃមុង… ប៉ុន្តែអ្នកដែលមានខ្សែទុយយោ ឬបង់ប្រាក់ឲ្យលោកគូ ប៊ុនទឹង រួច គឺអាចនេសាទល្មើសច្បាប់ជាចំហរ ដោយមានមន្ត្រីជលផល ឬខ្សែបណ្តោយលោក គូ ប៊ុនទឹង ចាំយាមឃ្លាំមើលទៀតផង ។ អ្នកដែលមិនបង់ប្រាក់ ឬមិនបានទាក់ទងលោកគូ ប៊ុនទឹងជាមុន មុខជាត្រូវចាប់បង្ក្រាប ដុតកម្ទេចជាមិនខានឡើយ ។ សម្រាប់អ្នកដែលបានបង់ប្រាក់ជូនលោកគូ ប៊ុនទឹងហើយ គឺអាចនេសាទបានដោយសេរី មិនភ័យខ្លាចការចាប់បង្ក្រាបអ្វីនោះឡើយ ។ រឿងនេះល្បីល្បាញយ៉ាងខ្លាំងនៅតំបន់បឹងទន្លេសាប ហើយនរណាក៏ស្គាល់ និងដឹងអំពីឥទ្ធិពល អំណាចមហិមារបស់លោកគូ ប៊ុនទឹង មន្ត្រីជលផលដៃស្តាំរបស់លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំនោះដែរ ។
បើតាមសេចក្តីរាយការណ៍បានប្រាប់ថា លោក គូ ប៊ុនទឹង មិនខ្វល់នឹងបទបញ្ជារបស់លោកសុខ លូ អភិបាលខេត្តកំពង់ធំនោះឡើយ ពោលគឺគ្រប់ឈ្មួញអ្នកនេសាទល្មើសច្បាប់ ត្រូវតែទាក់ទងលោកជាមុន ទើបអាចនេសាទបាន ។ បើមិនដូច្នោះទេ មុខជាលោកបញ្ចេញកម្លាំងចុះទៅបង្ក្រាបបង្ហាញស្នាដៃជូនលោកអភិបាលខេត្តឲ្យឃើញជាមិនខានឡើយ។ រឿងនេះ មន្ត្រីនៃមន្ទីរកសិកម្មខេត្តសុទ្ធតែទទួលស្គាល់អំពីភាពខ្លាំងរបស់លោកគូ ប៊ុនទឹង ដោយគេនិយាយថា បើប្រៀបធៀបជាមួយមន្ត្រីជលផលផ្សេងទៀត លោកគូ ប៊ុនទឹង មានឥទ្ធិពលខ្លាំងទៅលើលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ លោកប៉ែន វណ្ណរិទ្ធ ជាអ្នកដែលស្គាល់ក្តៅ ស្គាល់ត្រជាក់ខ្លាំងណាស់រឿងជលផលនេះ ដូច្នេះ ការបញ្ចេញលោកគូ ប៊ុនទឹង ឲ្យធ្វើសកម្មភាពក្នុងផលប្រយោជន៍ វាជារឿងដែលចៀសមិនរួចនោះឡើយ ៕