ព័ត៌មានទាន់ហេតុការណ៍៖

SALA ត្រូវបានជ្រើសរើសឲ្យតំណាងកម្ពុជាក្នុងកិច្ចប្រជុំកំពូល Seedstars Asia 

ចែករំលែក៖

ភ្នំពេញ ៖ SALA ត្រូវបានជ្រើសរើសជាអាជីវកម្មទើបបង្កើតថ្មីដែលផ្តល់នូវការចាប់អារម្មណ៍បំផុតក្នុងព្រឹត្តិការណ៍ Smart TechTalk & Seedstars Pitch នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កាលពីថ្ងៃម្សិលមិញ។ តាមរយៈការឈ្នះពានរង្វាន់ក្នុងនាមជាអាជីវកម្មទើបបង្កើតថ្មីដ៏ល្អបំផុតពីកម្មវិធី Seedstars ក្រុមហ៊ុន SALA នឹងអាចទទួលបានប្រាក់មូលនិធិដល់ទៅ ១លានដុល្លារអាមេរិកក្នុងកិច្ចប្រជុំកំពូលប្រចាំអាស៊ីនៃ Seedstars នៅខែវិច្ឆិកា និងកិច្ចប្រជុំកំពូលជាសកល (Global Summit) នៅប្រទេសស្វ៊ីស នាឆ្នាំក្រោយ។

លោក សុខ លាភ ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន SALA ដែលជាកម្មវិធី គ្រប់គ្រងសាលារៀន ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ និងសាកលវិទ្យាល័យ ជាមួយនឹងកម្មវិធីផ្សេងៗដូចជាការគ្រប់គ្រងសិស្ស ធនធានមនុស្ស ការបង់ប្រាក់ ព្រមទាំងរដ្ឋបាលសម្រាប់សាលារៀន មានប្រសាសន៍ថា៖ «ក្រោយពីភាពជោគជ័យរបស់ក្រុមហ៊ុន Joonaak Delivery និងបទពិសោធជាច្រើនដែលពួកគេទទួលបានកាលពីឆ្នាំមុន ខ្ញុំសង្ឃឹមថាយើងនឹងមិនត្រឹមតែធ្វើឲ្យកម្ពុជាមានមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចទាញយកផលប្រយោជន៍ពីបណ្តាញទំនាក់ទំនងផ្សេងៗ ក៏ដូចជាឱកាសវិនិយោគនានា ដែលត្រូវបានផ្តល់មកឲ្យយើង អំឡុងពេលនៃកិច្ចប្រជុំក្នុងតំបន់ និងពិភពលោក ផងដែរ»។

ក្រុមហ៊ុន SALA ត្រូវបានជ្រើសរើសចេញពីក្រុមហ៊ុនចំនួន៨ចុងក្រោយ ដែលបានបង្ហាញគំនិតអាជីវកម្មឌីជីថលរបស់ពួកគេទៅកាន់គណៈកម្មការវិនិច្ឆ័យក្នុងតំបន់ និងអន្តរជាតិ។ នៅព្រឹកថ្ងៃដដែលនោះ សិស្ស១ក្រុមដែលមានសមាជិកចំនួន៤នាក់មកពី Liger Leadership Academy បានយកឈ្នះសិស្សចំនួន៥ក្រុមផ្សេងទៀត ក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Seedstars Lean Launchpad ឆ្នាំទី១ ដែលជាកម្មវិធីសាកល្បង ដើម្បីជម្រុញទឹកចិត្តឲ្យមានការបណ្តុះគំនិត និងការបង្កើតគំនិតភាពជាសហគ្រិន ក្នុងចំណោមសិស្សថ្នាក់ទី៩ ដល់សិស្សថ្នាក់ទី១២។ ព្រឹត្តិការណ៍ប្រចាំឆ្នាំ Smart TechTalk បានបញ្ចប់កាលពីចុងសប្តាហ៍មុន ដោយព្រឹត្តិការណ៍នេះទទួលបានការគាំទ្រពីមូលនិធិស្រាវជ្រាវ&អភិវឌ្ឍ និងកសាសមត្ថភាព (CBRD Fund)។

កម្មវិធីភាពជាសហគ្រិនបច្ចេកវិទ្យាទាំង៣នេះត្រូវបានអនុវត្ដក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងវិទ្យាជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា (MPTC)។

លោក Jonathan Yap ជាប្រធានផ្នែកនិយ័តករ និងកិច្ចការសាធារណៈក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «នេះគឺជាចុងសប្តាហ៍មួយក្នុងចំណោមចុងសប្តាហ៍ដែលខ្ញុំពេញចិត្តជាងគេក្នុងឆ្នាំនេះ ដោយសារតែចុងសប្តាហ៍នេះបាននាំយកយុវជនវ័យក្មេងដ៏អស្ចារ្យទាំងនេះមកជួបជុំគ្នាជាមួយនឹងបុគ្គលឆ្នើមៗ និង   ឆ្លាតវៃបំផុតមកពីក្នុងតំបន់នេះ។ ដោយមើលឃើញពីការបង្ហាញផ្នត់គំនិតល្អៗផ្សេងគ្នាក្នុងព្រឹត្តការណ៍នេះ បានធ្វើឲ្យយើងមានមោទនភាព ដោយក្លាយជាផ្នែកមួយនៃដំណើរឌីជីថលរបស់កម្ពុជា ដែលយើងអាចគាំទ្រដល់ការបង្ហាញពីទេពកោសល្យដ៏អស្ចារ្យ ចំណង់ចំណូលចិត្ត និងភាពស្វាហាប់ ទៅក្នុងវិស័យបច្ចេកវិទ្យាក្នុងតំបន់»។

ក្នុងព្រឹត្តិការណ៍ TechTalk វាគ្មិនអន្តរជាតិសំខាន់ៗមកពីក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Grab និង ក្រុមហ៊ុន Leaderonomics បានផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកចូលរួមទាំងអស់ កាលពីព្រឹកថ្ងៃអាទិត្យ ស្របពេលដែលនៅពេលរសៀល ការលើកឡើងពីចំណុចសំខាន់ៗដែលផ្តោតលើអាជីវកម្មទើបបង្កើតថ្មីពីក្រុមហ៊ុន Smart, ក្រុមហ៊ុន Beenext Capital និង ក្រុមហ៊ុន Kid Hero បានធ្វើការបំភ្លឺកាន់តែច្បាស់ដល់អ្នកចូលរួមទាំងអស់ ដែលមានសិស្សានុសិស្ស ក្រុមអ្នកសិក្សាស្រាវជ្រាវ ស្ថាបនិកអាជីវកម្មទើបបង្កើតថ្មី   វិស័យឯកជន ក៏ដូចជាមន្ត្រីតំណាងឲ្យរាជរដ្ឋាភិបាល។

រាល់បទបង្ហាញទាំងអស់ ត្រូវបានធ្វើឡើងក្រោមទស្សនទាន «រួមគ្នាឆ្ពោះទៅកាន់អនាគតឌីជីថល» ដែលក៏ជាទស្សនទានរបស់កម្មវិធី BarCamp ASEAN ឆ្នាំ២០១៩ ផងដែរ ដែលត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅចុងសប្តាហ៍តែមួយ។ កម្មវិធី BarCamp ក៏ត្រូវបានគាំទ្រដោយក្រុមហ៊ុន Smart Axiata រួមជាមួយនឹងវិទ្យាជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផងដែរ៕ ដោយ វឌ្ឍនា

 


ចែករំលែក៖