ខេត្តស្វាយរៀង៖ លោកតាម្នាក់បានស្លាប់កណ្ដាលវាលស្រែ បង្កការភ្ញាក់ផ្អើលដល់ក្មេងៗ និងអ្នកភូមិព្រមទាំងក្រុមគ្រួសារជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈទៅឃ្វាលក្របីត្រឡប់មកផ្ទះ សង្ស័យខ្យល់គរដោយផឹកស្រាមិនពិសាបាយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិព្រៃផ្អាវ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពុត យាំ អាយុ៧២ឆ្នាំ មុខរបរធ្វើស្រែ រស់ក្នុងភូមិព្រៃផ្អាវ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា លោកតាស្លាប់ដោយផឹកស្រាស្រវឹងជោក ហើយមិនបានហូបបាយ ក្រោយមក ក៏បានទៅវាលស្រែឃ្វាលក្របីមកផ្ទះដូចសព្វដង ខណៈមកវិញចម្ងាយប្រហែល៤០០ម៉ែត្រ ក៏ខ្យល់គរដេកស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង ។
បន្ទាប់ពីពិនិត្យសពរួច សមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលសោកសង្រេងបំផុត ៕ យឹម សុថាន