ភ្នំពេញ៖ រថយន្តដឹកត្រីចំណុះ២.៥តោន បែកកង់រេចង្កូតទៅបុកស្លាកសញ្ញា និងបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យមានមនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ និងស្រាល ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្តបង្ករងការខូចខាតយ៉ាងដំណំ និងធ្លាក់ត្រីពាស់ពេញដី ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្បែរនឹងអធិការខណ្ឌព្រែកព្នៅ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាកម្មករដឹកត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-1155 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសៅពីត្បូងទៅជើង ចេញពីព្រែកព្នៅទៅខេត្តពោធិ៍សាត់ខណៈពេលបើកមកដល់ចំណុចកើតហេតុដោយសារតែរថយន្តបែកកង់ខាងស្តាំទើបរេចង្កូតមកស្តាំដៃជ្រុលទៅបុក និងស្លាកយីហោចំនួន២ស្លាក និងតូបកាហ្វេមួយរួចហើយបានបុកចូលរោងប៉ះកង់ចំនួនមួយរថយន្តបង្កមិនទាន់អស់ល្បឿននោះទេ ក៏បន្តបុកនឹងដើមក្រខុបខ្ទេចខូចខាតរថយន្តអស់មួយកំណាត់ខាងមុខកៀបជាប់តៃកុងរថយន្ត ហើយពេលភ្លាមៗនោះដែរ ក៏មានសមត្ថកិច្ចរួម នឹងប្រជាពលរដ្ឋនាំគ្នាគាស់ទ្វារចេញមកក្រៅ ដើម្បីយកចេញក្រៅហើយទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែត ដឹកយកទៅសង្គ្រោះ និងបណ្តាលឲ្យរងការខូចខាតម្ភារត្រីធ្លាក់រាយប៉ាយពេញផ្លូវ ។
ក្រោយពេលកើតហេតុខាងលើនេះ រថយន្តបង្កត្រូវបានជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅប្រគល់ទៅឲ្យខាងសមត្ថកិច្ចចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់នៅពេលក្រោយ ៕ ធឿនព្រែកជ័យ