ប៉ោយប៉ែត៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនគេចពីគោយន្តកែច្នៃដឹកសំរាម ដួលបោកខ្លួនទៅផ្លូវបេតុបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីម៉ោង៧ និង៥០នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចB15 ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ ខែម សុរម្យ ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសត្រូវជើងខាងស្តាំ រស់នៅក្នុងភូមិគត្តសតសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ចំណែកភាគីខាងឡានដឹកសំរាមបើកបរដោយឈ្មោះលឹម ភារម្យ ភេទប្រុស អាយុ30ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្តកិច្ចការពារព្រំដែនគោក៩១១ប្រាប់ថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា ឌ្រីម C125 ស៊េរីឆ្នាំ2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប/ជ 1M-7242 ទៅលេងបងប្អូននៅធ្វើការចំណុចកើតហេតុ ស្របទិសជាមួយគោយន្តកែច្នៃដឹកសំរាមរបស់ក្រុមហ៊ុនផ្កាយ៥ក្នុងទិសដៅពីត្បូងទៅជើង បើកបរស្របទិសគ្នា លុះដល់ចំណុចកើតហេតុគោយន្តកែច្នៃដឹកសំរាមបានបត់ឆ្វេងមិនមើលក្រោយ និងបញ្ចេញជាសញ្ញាក៏បណ្ដាលឲ្យបុរសខាងលើមកពីក្រោយឡើងជែងខាងឆ្វេងជាន់ហ្វ្រាំងបណ្ដាលឲ្យដួលបោកផ្លូវបេតុងរងរបួសបាក់ជើងខាងស្ដាំតែម្ដង ។
ក្រោយកើតហេតុគេឃើញនគរបាលព្រំដែនគោក៩១១ និងទូរសព្ទ័ហៅនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៌ក្រុងមកវាស់វែង និងដឹកបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី)ដើម្បីជួយសង្គ្រោះ ។
សួមបញ្ជាក់ថា ជនរងគ្រោះត្រូវបានក្រុមខាងលើជាអ្នកធានារាប់រងព្យាបាលជំងឺ ចំណែកសំណងមិនទាន់បានបញ្ជាក់ពីក្រុមហ៊ុននៅឡើយ ៕ នីម វណ្ណា