ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងបើកចុះទូកដរក្នុងល្បឿនលឿនបណ្ដាលឲ្យធ្លាក់ចូលទៅក្នុងទឹក តែសំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិត

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ត្រូវបានគេសង្ស័យថា ស្រវឹងស្រាបានបើករថយន្ដចុះទូកដរក្នុងល្បឿនលឿនទៅបុកកំណល់កល់កង់ បណ្ដាលឲ្យជ្រុលធ្លាក់ចូលទៅក្នុងទឹកទន្លេបាសាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង២០នាទី នៅត្រង់ចំណុចកំពង់ចម្លងព្រែតាជ្រូក-ព្រែកយូហឹង ហៅទូកដរក្បាលកោះត្រើយខាងកើត ស្ថិតនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ករណីនេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ពោលគ្រាន់តែខូចខាតរថយន្ដតែប៉ុណ្ណោះ រថយន្ដត្រូវបានម្ចាស់ សហការជាមួយម្ចាស់អាជីវកម្មកំពង់ចម្លង ស្ទូចចេញពីក្នុងទឹកវិញយកទៅជួសជុល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា តៃកង់រថយន្ដឈ្មោះ ឯម វិច្ឆិការ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកឯរថយន្ដម៉ាក mercedes ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2A-1782 ។

ប្រភពដដែលបន្ដថា  នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានឈ្មោះ ឯម វិច្ឆិការ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបើកបររថយន្តម៉ាក ម៉ាកសឺដេស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2A-1782 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង (ចេញពីកម្មវិធី ទន្លាក់ចង្ក្រានកូនរបស់ឈ្មោះ កុយ ស្ថិតនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ដោយខ្លួនបានហូបស្រាបៀរអាន់ឆ័រ អស់ចំនួន៤ទៅ៥កំប៉ុង) រួចហើយ ក៏បន្តដំណើរមកឈប់រថយន្តរង់ចាំឆ្លងទូកដរ នៅកំពង់ចម្លងព្រែកតាជ្រូក ត្រើយខាងកើត ហៅដរក្បាលកោះ ។

លុះពេលអ្នកបើកទូកដរឈ្មោះសេង សុភា ហៅប៉ោលី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាអ្នកបើកទូកដ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានបើកទូកដរមកដល់ ចងខ្សែ-ដាក់ក្ដា និងកំណល់កល់កង់មុខរថយន្តរួច ក៏ឈរបញ្ជាឲ្យរថយន្តចុះទូក ភ្លាមនោះអ្នកបើករថយន្តបានបើកចុះស្មានល្បឿនមិនត្រូវ ក៏ជ្រុលទៅរុញកំណល់កល់កង់រថយន្តខាងមុខ ធ្លាក់ទឹកទន្លេបាសាក់ទាំងកំណល់ ទាំងរថយន្តតែម្ដង រីឯអ្នកបើករថយន្ត បានចេញតាមកញ្ចក់ទ្វារមុខ មកក្រៅរថយន្ត ឡើងគោករួចខ្លួន ចំណែករថយន្តលិចទៅក្នុងបាតទន្លេបាត់ទៅ បច្ចុប្បន្នម្ចាស់រថយន្តកំពុងជួលគេស្រង់រថយន្តឡើង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា ករណីនេះបង្កឡើងដោយអ្នកបើករថយន្តធ្វេសប្រហែល ខ្ចីខ្ជារ ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យរថយន្តធ្លាក់ទឹក ព្រោះពេលនោះមេឃទើបភ្លៀងរួចក្ដារផែនិងក្ដារទូកសើម រួមជាមួយកង់រថយន្តជាប់ដីផង ទើបមានភាពងាយស្រួលក្នុងការរអិល ៕ ស្អាងជ័យ


ចែករំលែក៖