ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ ក្រោយបន្លំខ្លួនចូលក្នុងវិទ្យាស្ថានគរុកោសល្យ លួចយកទូរស័ព្ទគ្រូបង្រៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលទៅក្នុងបរិវេណវិទ្យាស្ថាន គរុកោសល្យ រួចឆ្លៀតឱកាសលួចយកទូរស័ព្ទដៃរបស់លោកគ្រូបង្រៀនម្នាក់បានសម្រេចប្រុងគេចខ្លួន តែត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោផ្អើលសិស្សនិសិ្សតនាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ករណីឃាត់ខ្លួនចោរលួចទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដែលប្រព្រឹត្តត្រង់ចំណុចវិទ្យាស្ថានគរុកោសល្យ ផ្លូវលេខ២៧១ ក្រុមទី២៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុយ សុខហេង ហៅ ហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទលួច(លួចទូរស័ព្ទ ដៃ០១គ្រឿង) ។

វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក Samsung Note 9 ពណ៌ខ្មៅ ប្រើស៊ីមលេខ 089 699 633 សមត្ថកិច្ចបានធ្វើការព្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក កុល បុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន វិទ្យាស្ថានគរុកោសល្យ ស្នាក់នៅផ្ទះលេខ២០២ ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិធី ៕ស រស្មី


ចែករំលែក៖