តាំងពីដើមមកអ៊ីរ៉ង់មិនដែលខ្លាច ការគំរាមកំហែងរបស់ បណ្តាប្រទេសលោកខាងលិចដែលមានអាមេរិក និងអ៊ីស្រាអែលជាដើម ។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់បានព្រមានវិញថា ប្រសិនបើអាមេរិក ឬអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ នោះ កម្លាំងទាហានបដិវត្តន៍អ៊ីរ៉ង់ នឹងកម្ទេចអ៊ីស្រាអែល ឲ្យសល់តែផេះ លុបប្រទេសនេះចេញពីផែនទីពិភពលោក ។
ចំណុចដែលធ្វើឲ្យអ៊ីរ៉ង់ មិនខ្លាចប្រទេសមហាអំណាចដោយសារតែប្រទេសនេះមាន អាវុធទំនើបៗជាច្រើន ដែលលោកខាងលិច មិនទាន់ដឹង ។ អ៊ីរ៉ង់ គឺជាប្រទេសដែលមានកម្លាំងយោធា និងអាវុធ ទំនើបៗបំផុតនៅក្នុងតំបន់ជម្ឈិមបូព៌ា ។ អាចនិយាយបានថានៅក្នុងតំបន់មជ្ឈិមបូព៌ាមិនមានប្រទេសណាមួយអាចប្រៀបផ្ទឹមជាមួយអ៊ីរ៉ង់ បានឡើយ ។ ក្រៅពីអាវុធការពារ អ៊ីរ៉ង់ក៏បានផ្គត់ផ្គងទៅឲ្យក្រុម ហេបូឡាស ហូធី… សម្រាប់ ទប់ស្កាត់ការឈានពានពីស្ត្រូវទៀតផង ។
ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេល ដឹងថាអ៊ីរ៉ងមានទីតាំងនៅក្រោមដី លាក់ទុកអាវុធ ក្នុងនោះមានកាំជ្រួចមីស៊ីលជាច្រើន ដែលអាចគេចផុតពីការតាមដាន និងវាយប្រហាររបស់សត្រូវ ។
ឃ្លីបវីដេអូ ថត់ទិដ្ឋភាពនៅខាងក្នុងទីតាំងយោធាក្រោមដី ក្រោមបាតភ្នំ របស់អ៊ីរ៉ង់ ធ្វើឲ្យសត្រូវអ៊ីរ៉ង់ ព្រឺរោម ។ កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)មានមីស៊ីលទំនើបៗជាច្រើន លើសពីអ្វីដែល ប្រទេសលោកខាងលិចបានដឹង ។ ទីតាំងយោធាក្រោមដីដ៏ធំបំផុតរបស់អ៊ីរ៉ង់ Code 750 ស្ថិតនៅតំបន់ Khojir ក្នុងទីក្រុងតេអ៊ីរ៉ង់ ។ ផ្លូវចូលទៅកាន់ទីតាំងយោធា បត់បែនជាច្រើន និងមានទ្វារ គន្លិះយន្តទៀតផង គ្មានអ្នកណាម្នាក់អាចចូលទៅដល់ឡើយ ។
នៅក្នុងឃ្លីបវីដេអូដែលថត់នៅក្នុងទីតាំង ហើយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បង្ហាញឲ្យឃើញថា ប្រព័ន្ធមីស៊ីល Qiam-1V ដែលវាយប្រហារគោលដៅ ជាង ៦០០គីឡូម៉ែត្រ មានជាច្រើននៅខាក្នុងនោះ ។ ទីតាំង Code 750 នោះដែរ ក៏ជាកន្លែង ដំឡើងមីស៊ីលរយៈចម្ងាយធម្យម ដែលមានដូចជា Shahab-3 ជាមីស៊ីលមានប្រសិទ្ធិភាពខ្ពស់របស់អ៊ីរ៉ង់ អាចបំពាក់ក្បាល់គ្រាប់ មានទម្ងន់ដល់ទៅ១២០០ គីឡូក្រាម ។ ក្រៅពីនេះនៅមានមីស៊ីលទំនើបជាច្រើនដែលអាចវាយប្រហារគោលដៅនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ។ នៅពេលនេះ គ្មានអ្នកណាម្នាក់ដឹងថាអ៊ីរ៉ង់ មានមីស៊ីលទំនើបៗច្រើនប៉ុណ្ណានោះឡើយ ។ អ៊ីរ៉ង់មានកម្លាំងទាហានផ្លូវការ៤២០ពាន់នាក់ ក្នុងនោះ ទាហានអាកាស៥២ពាន់នាក់ ។
កន្លងមក អ៊ីរ៉ង់ បង្ហាញប្រព័ន្ធមីស៊ីលដែលបាញ់ម្តង អាចទម្លាក់យន្តហោះចម្បាំង ៦គ្រឿងក្នុងពេលតែមួយបាន ។
យោធាអ៊ីរ៉ង់ ពេលថ្មីៗនេះ បានដាក់បង្ហាញប្រព័ន្ធមីស៊ីលថ្មី ដែលអាចតាមដាន និងបាញ់ទម្លាក់យន្តហោះចម្បាំង៦គ្រឿង ឬគោលដៅចំនួន៦ ក្នុងពេលតែមួយបាន ។ ការបញ្ចេញសព្វាវុធនេះ ក្នុងខណៈដែលអ៊ីរ៉ង់ កំពុងមានភាពតានតឹងជាមួយអាមេរិក នៅតំបន់ឈូងសមុទ្រពែក្ស ។
លោកឧត្តមសេនីយ៍ត្រី Amir Hatami រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់ បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Khordad 15 នេះ មានបំពាក់ជាមួយមីស៊ីលរយៈឆ្ងាយ Sayyad ចំនួន ៣គ្រាប់ ។ វាអាចបាញ់ទម្លាក់យន្តហោះ និងឬដ្រូនចម្បាំង ក្នុងចម្ងាយ ១២០គីឡូម៉ែត្រ ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីរ៉ង់ បានជំរុញបង្កើតសព្វាវុធផ្ទាល់ខ្លួន ហើយបានកាត់បន្ថយការពឹងផ្អែកលើការនាំចូលអាវុធពីបរទេសកាន់តែតិចទៅៗ ។ កាលពីខែកុម្ភៈកន្លងទៅ អ៊ីរ៉ង់ បានជោគជ័យក្នុងការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ Hoveizeh ដោយវាអាចកម្ទេចគោលដៅដែលស្ថិតនៅចម្ងាយជាង ១៣៥០គីឡូម៉ែត្រពីវាបាន ។ ក្នុងខែដដែលនោះ នាវាមុជទឹក Ghadir-class បានបាញ់មីស៊ីលប្រឆាំងនាវាមួយ ជាលើកដំបូងផងដែរ ។
ជាមួយគ្នានេះដែរ អ៊ីរ៉ង់ អះអាងថា មូលដ្ឋានទ័ពអាមេរិក ស្ថិតនៅក្នុងរយៈចម្ងាយមីស៊ីលរបស់ខ្លួន ។ ទាំងនោះហើយអ៊ីរ៉ង់អាចកម្ទេចទីតាំងរបស់អាមេរិក បានគ្រប់ពេលដោយមីស៊ីលទំនើបៗរបស់ខ្លួន ។
ទីភ្នាក់ងារព័ត៌មាន Tasnim បានរាយការណ៍ថា មេបញ្ជាការកងទ័ពរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ថា មូលទ័ពក្នុងតំបន់របស់សហរដ្ឋអាមេរិក និងនាវាដឹកយន្តហោះរបស់ពួកគេនៅតំបន់ឈូងសមុទ្រ គឺស្ថិតនៅក្នុងរយៈចម្ងាយមីស៊ីលអ៊ីរ៉ង់ ស្របពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីងតោន ។
លោកមេបញ្ជាការ Hossein Nejat បាននិយាយថា មូលដ្ឋានទ័ពអាមេរិក ស្ថិតនៅក្នុងរយៈចម្ងាយមីស៊ីលរបស់ពួកយើង មីស៊ីលរបស់ពួកយើង នឹងបំផ្លាញនាវាដឹកយន្តហោះរបស់ពួកគេ បើសិនជាពួកគេបង្កើតកំហុស ។ អាមេរិកដឹងច្បាស់ពីផលប៉ះពាល់បង្កឡើងដោយសារការប្រឈមដាក់គ្នាដោយយោធាជាមួយអ៊ីរ៉ង់ ។
គួរឲ្យដឹងថា ភាពតានតឹងរវាងប្រទេសបច្ចាមិត្តអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឡើងកម្តៅខ្លាំងយ៉ាងឆាប់រហ័ស ក្រោយពេលទីក្រុងវ៉ាស៊ីងតោន ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥រវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោក ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរទីក្រុងតេអេរ៉ង់ ជាការដោះដូរ នឹងការដកចេញទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ៕