ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មលើប្រទេសតួកគី ដែលបានប្រើប្រាស់កម្លាំងយោធាវាយប្រហារទៅលើសម្ពន្ធមិត្ត អាមេរិកនៅក្នុងតំបន់ ។
ប៉ុន្តែលោក ត្រាំ ទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារតែលោក បានផ្តល់នូវភ្លើងខៀវ សម្រាប់ឲ្យប្រទេសតួកគី អាចលើកកងទ័ព វាយលុកចូលទៅក្នុងតំបន់ភាគខាងជើង នៃប្រទេសស៊ីរី ។
ការចោទប្រកាន់បែបនេះ បានកើតឡើង ក្រោយពេលកងទ័ពតួកគី បានវាយលុយចូលទៅក្នុងប្រទេសស៊ីរី ក្រោមលេសប្រឆាំងនឹងកងកម្លាំងរបស់ឃឺដ ដែលតួកគីចាត់ទុកថា ជាក្រុមភេរវករ ។ ប៉ុន្ដែមុនពេលតួកគីលើកទ័ពវាយប្រហារទៅលើប្រទេសស៊ីរី តែម្នាក់ឯងនោះ ប្រធានាធិបតីអាមេរិក បានហៅទូរស័ព្ទ ទៅកាន់ប្រធានាធិបតីតួកគី លោក Tayyip Erdogan ដោយនិយាយពីការដកកងទ័ពអាមេរិក ចេញពីតំបន់នោះ ។ លើសពីនេះទៀត អាមេរិក ក៏បានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួន នៅឲ្យឆ្ងាយពីតំបន់ជម្លោះ ។ កត្ដាទាំងនេះ ទើបក្រុមអ្នករិះគន់ ចាត់ទុកថា នេះជាភ្លើងខៀវរបស់អាមេរិក ផ្ដល់ឲ្យប្រទេសតួកគី ។
អនុប្រធានាធិបតីអាមេរិក លោក Mike Pence
ដោយឡែក អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក ជាធម្មតា នឹងមិនអត់ធ្មត់ ចំពោះការលុកលុយរបស់តួកគី ចូលនៅក្នុងប្រទេសស៊ីរី បន្ដទៀតឡើយ ។ ប៉ុន្ដែយើងកំពុងតែអំពាវនាវឱ្យប្រទេសតួកគី បញ្ឈប់នូវការវាយប្រហារនោះ ហើយងាកមករកតុចរចាវិញ ។
ជាមួយគ្នានេះដែរ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក៏បានប្រកាសពីគម្រោងកំណត់យកពន្ធលើដែកថែបរបស់ប្រទេសតួកគី ឡើងវិញ និងបញ្ឈប់នូវការចរចាពីទំនាក់ទំនងពាណិជ្ជកម្ម មានតម្លៃ១០០ពាន់លានដុល្លារអាមេរិក ។
លោកស្រី Nancy Pelosi តំណាងរាស្រ្ដអាមេរិកាំង បានថ្លែងថា សកម្មភាពរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរងនូវការរិះគន់យ៉ាងខ្លាំងពីតំណាងរាស្រ្ដ មកពីគណបក្សប្រជាធិបតេយ្យ ។ ដោយឡែក ចំពោះការប្រកាសដាក់ទណ្ឌកម្មរបស់លោក ត្រាំ ប្រឆាំងនឹងប្រទេសតួក គី ក៏រឹតតែបង្កឲ្យគ្រោះមហន្តរាយដល់មនុស្សជាតិថែមទៀតផង ។
លោកស្រី Nancy Pelosi តំណាងរាស្រ្ដអាមេរិកាំង
អតីតសម្ពន្ធមិត្តឃឺដរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ពួកគេបានអំពាវនាវឲ្យកងទ័ពរដ្ឋាភិបាលស៊ីរី ចូលមកជួយជាបន្ទាន់ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់ប្រទេសតួកគី តាមអ្វីដែលពួកគេហៅអាមេរិកជាជនក្បត់ ។
ការដាក់ពង្រាយកងទ័ពស៊ីរី គឺជាជ័យជម្នះសម្រាប់ប្រធានាធិបតីស៊ីរី លោក បាសា អាសាដ និងសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់លោក គឺរុស្ស៊ីដែលផ្តល់ឱ្យពួកគេនូវទីតាំងឈរជើង នៅក្នុងប្រទេស ។ ឥឡូវនេះ កងកម្លាំងទាំងនោះ នឹងត្រូវប្រឈមមុខជាមួយនឹងកងកម្លាំងទ័ពតួកគី នៅតាមសមរភូមិជួរមុខ ដែលមានប្រវែងរាប់រយគីឡូម៉ែត្រ ។
បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋស៊ីរី បានរាយការវណ៍ថា កងទ័ពបានចូលទៅដល់ទីក្រុង Manbij ជាទីក្រុងដែលកងជីវពលមានសម្ពន្ធមិត្តជាមួយនឹងជនជាតិឃឺដ នៅក្នុងប្រទេសស៊ីរី៕