ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងឆ្មក់បាញ់ប្រហារសម្លាប់ប៉ូលិស​១៣នាក់នៅម៉ិចស៊ីកូ

ចែករំលែក៖

នៅថ្ងៃទី​១៤ខែតុលា ខ្មាន់កាំភ្លើង មួយក្រុមស្លៀក បានលួចវាយឆ្មក់បាញ់ប្រហារ ទៅលើកម្លាំងប៉ូលិសម៉ិចស៊ីកូ ​បណ្តាល ឲ្យប៉ូលិស​១៣នាក់ស្លាប់ និង​៣នាក់ផ្សេងទៀត​រងរបួស ។ ការបាញ់ប្រហារកើតឡើងនៅក្នុងរដ្ឋ មីឆូកាន (Michoacan) តំបន់ភាគខាងលិច​ប្រទេសម៉ិកស៊ិក ។

ស្នងការប៉ូលិស​រដ្ឋ មីឆូកាន បានថ្លែងការណ៍ថា មន្ត្រីប៉ូលិស​បានទៅកាន់លំនៅឋាន​មួយកន្លែងស្ថិតនៅតំបន់ អែល អេក្វាហេ (El Aguaje) ទីក្រុងអាហ្គីលីឡា (Aguililla)​ទៅអនុវត្ត​តាមដីការបស់តុលាការ ពេលនោះ ជនស៊ីវិលប្រដាប់ដោយអាវុធ​ជាច្រើន​នាក់​បានពួនស្ទាក់បាញ់ប្រហារ​ទៅលើក្បួនរថយន្តប៉ូលិស​តាមដងផ្លូវ បណ្តាលឲ្យស្លាប់ និងរបួស​យ៉ាងរដូករណែលតែម្តង ។

លោក ស៊ីលវ៉ានូ អួរីអូលេស អភិបាល​រដ្ឋ មីឆូកាន បានថ្លែងថា «គ្មាននរណាម្នាក់​បាញ់ប្រហារ​មកលើកងកម្លាំងប៉ូលិស ហើយមិនរងការដាក់ពិន័យនោះឡើយ ។ នេះជាទង្វីដ៏កំសាកញីបំផុត​ ពួកគេពួនស្ទាក់វាយឆ្មក់​នៅតាមដងផ្លូវ​មកលើកងកម្លាំងសមត្ថកិច្ច​» ។

រូបភាពរបស់​ផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយ ឃើញរថយន្តរបស់ប៉ូលិស​ជាច្រើនគ្រឿងរងការឆេះខ្លោច នៅពាក់កណ្តាលផ្លូវ ដែលពុំសូវមានមនុស្ស ឬរថយន្តឆ្លងកាត់​នោះឡើយ ។ អ្នកស្រុកនៅក្នុងតំបន់ភ័យខ្លាច​ចំពោះអំពើហិង្សានេះ នាំគ្នាសម្ងំ​នៅតែក្នុងផ្ទះ មិនហ៊ានចេញទៅក្រៅនោះឡើយ ។

ប៉ូលិសម៉ិកស៊ិកនៅមិនទាន់បញ្ជាក់អំពីការចាប់ខ្លួន​ក្រុមខ្មាន់កាំភ្លើងនៅឡើយទេ ខណៈដែលអះអាងថា កំពុងស៊ើបអង្កេត ។

សូមបញ្ជាក់ថា រដ្ឋាភិបាលម៉ិកស៊ិក​បានបើកយុទ្ធនាការប្រឆាំង​ក្រុមជួញដូរគ្រឿង​​ ហើយក្នុងឆ្នាំ២០០៦ និង​ឆ្នាំ២០១២ មានការប៉ះទង្គិចទ្រង់ទ្រាយធំ​កើតឡើងរវាង​កងកម្លាំងសមត្ថកិច្ច និងក្រុមបងធំបងតូច​ជួញដូរគ្រឿងញៀន បណ្តាលឲ្យស្លាប់យ៉ាងរង្គាលតែម្តង ។

ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ប៉ូលិស​ម៉ិកស៊ិក​បានរកឃើញសាកសព១៩នាក់​ក្នុងរណ្តៅរួម​មួយ និងឃើញសាកសពព្យួរណែងណងនៅលើស្ពានមួយកន្លែងថែមទៀតផងដែរ ក្នុងទីក្រុង Uruapan ៕


ចែករំលែក៖